ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ទោះស៊ុយអែតបិទការិយាល័យស្ថានទូត តែស្ថានកុងស៊ុលស៊ុយអែតនៅភ្នំពេញ នៅតែបើកទ្វារ
បើទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញក៏ដោយ តែស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបន្តបើកទ្វារ។ នេះជាការបំភ្លឺបន្ថែមរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងឱ្យដឹងថា តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកនឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅរាជធានីភ្នំពេញ នឹងនៅតែបើកទ្វារ ដើម្បីបន្តផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។
ការចេញមកបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាខាងលើ បន្ទាប់ពីមានការប៉ុនប៉ងធ្វើការបកស្រាយលើករណីនៃការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ ក្នុងគោលដៅនយោបាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ អ្នកនាំពាក្យក្រសួងការបរទេស បានបំភ្លឺថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចបិទការិយាល័យស្ថានទូតប្រចាំកម្ពុជា នៅក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ ក៏មានការបើកបន្ថែមនូវការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាការបំភ្លឺបន្ថែមដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

គួរជម្រាបថា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានប្រកាសអំពីដំណឹងនៃការបិទទ្វាស្ថានទូតនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ទៅ រួមទាំងការបិទគេហទំព័រហ្វេសប៊ុកផ្លូវផងដែរ។យ៉ាងណាក៏ដោយ ស្ថានកុងស៊ុលស៊ុយអែតប្រចាំកម្ពុជា នឹងបន្តផ្ដល់សេវាការទូតជាមូលដ្ឋានជូនដល់ប្រជាជនរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជាជាធម្មតា។
កម្ពុជា និងស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការតាំងឆ្នាំ១៩៦១។ ប៉ុន្តែនៅពេលកម្ពុជាធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ស៊ុយអែតក៏បានបញ្ចប់ទំនាក់ទំនងនេះ។ លុះមកដល់ឆ្នាំ២០១០ ទើបស៊ុយអែតបើកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាឡើងវិញ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ