ព័ត៌មានជាតិ
បន្តសាច់រឿងពិធីមង្គលការខ្មែរពីបុរាណ ក្នុងថ្ងៃចូលរោងគេរៀបយ៉ាងដូចម្តេច?
អត្ថបទមុន កម្ពុជាបានចេញផ្សាយទីទម្រង់រៀបមង្គលការពីបុរាណ ដែលចាប់ផ្តើមដំបូងពីពិធីចែចូវ បន្ទាប់មកពិធីចូលស្តីដណ្តឹង និងពិធីជូនកំណត់។ អត្ថបទបន្តនេះ សូមស្វែងយល់ថ្ងៃចូលរោងការ តើប្រពៃណីខ្មែរពីបុរាណមានការរៀបចំនិងប្រព្រឹត្តទៅយ៉ាងដូចម្តេច ដែលដកស្រង់ពីឯកសារអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា។
ខ.ពេលរៀបការ
ចំពោះកន្លែងរៀបអាពាហ៍ពិពាហ៍សម្រាប់ប្រជាជនខ្មែរគឺ ត្រូវរៀបការនៅផ្ទះខាងស្រី។ ដំបូងអាពាហ៍ពិពាហ៍ខ្មែរបានប្រារព្ធធ្វើឡើងរយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ដោយផ្អែកទៅលើអាពាហ៍ពិពាហ៍របស់ព្រះថោងនាងនាគ ដែលពិធីរៀបអាពាហ៍ពិពាហ៍ប្រាំពីថ្ងៃប្រាំពីយប់នេះបន្ដរហូតមកដល់សម័យចេនឡា(ស.វទី៦ដល់ទី៨)។ បន្ដពីអាពាហ៍ពិពាហ៍ប្រាំពីរថ្ងៃគឺ អាពាហ៍ពិពាហ៍បីយប់បីថ្ងៃ តែយើងក៏មិនដឹងថាវាបានចាប់ផ្ដើមបន្ដពីត្រឹមណាមកនោះទេ? ហើយទម្រង់អាពាហ៍ពិពាហ៍នេះត្រូវបានគេនិយមពីសំណាក់មហាជនទូទៅរហូតមកដល់ចុងសម័យសង្គមរាស្ដ្រនិយម។ ចំពោះដំណើរការនិងក្បួនខ្នាតនៃទម្រង់រៀបអាពាហ៍ពិពាហ៍បីយប់បីថ្ងៃគឺ៖
១.ថ្ងៃចូលរោង
នៅថ្ងៃទី១នេះ ខាងប្រុសត្រូវសង់រោងនៅផ្ទះខាងស្រី៣ល្វែងពីឫស្សីប្រក់ស្បូវ។
–សម្រាប់ចុងភៅរៀបចំអាហារ
–សម្រាប់លៀងភោជនាហារ
–រោងផ្កាស្លាសម្រាប់កូនកំលោះស្នាក់នៅរហូតដល់ចប់ពិធីការនៅមុខរោងផ្កាស្លាមានរោងទេវតាផងដែរ។ សង់រោងរួចហើយគេត្រូវជញ្ជូនភស្ដុភារបណ្ដាការចូលរោង ហើយរៀបចំភោជនាហារនិងនំផ្សេងៗនៅក្នុងនោះមាននំគម និងនំអន្សមមិនអាចខ្វះបាន។
២.ថ្ងៃស៊ីកំណត់
–ព្រឹកថ្ងៃទី២គេហែកូនកំលោះចូលរោងផ្កាស្លាដោយមានភ្លេងការកំដរផង និងនៅលើផ្ទះការគេរៀបចំសែនព្រេនដូនតា និងពិធីស៊ីស្លាកំណត់។
–ពេលរសៀល ធ្វើពិធីកាត់សក់កូនស្រីនៅលើផ្ទះ ឯពិធីកាត់សក់កូនប្រុសធ្វើនៅរោងផ្កាស្លា។ គេរាំកាត់សក់កូនប្រុសកូនស្រីដាក់ក្នុងកន្ទោងស្លឹកចេកយកទៅចោល ដើម្បីអស់ចង្រៃឧបទ្រព និងមានសិរីសួស្ដី។
–រៀបដង្វាយក្រុងពាលី ដើម្បីជូនដំណឹងដល់ម្ចាស់ទឹកម្ចាស់ដី
–ពិធីសុត្រមន្ដសាមីខ្លួនទាំងពីរត្រូវចេញមកស្ដាប់ដើម្បីទទួលយកសេចក្ដីសុខចំរើន
–វេលាយប់៖ ច្រៀងរៀបរាប់ផ្លែឈើ ពិធីបុកល័ខធ្វើធ្មេញឲ្យកូនស្រី បើធ្វើហើយនៅពេលចេញពីម្លប់មិនបាច់ធ្វើទៀតទេ ពិធីកាត់ខាន់ស្លា ជាប្រាក់សុទ្ធ១ណែន ១៦រៀលប្រាក់សុទ្ធ។
– វេលាទៀបភ្លឺ ពីធីដោតផ្កាស្លាដោយស្រីបីនាក់មានគូរស្រករដោយដោតជាបីជុំ។
៣. ថ្ងៃសំពះ
នៅថ្ងៃទី៣វេលាភ្លឺស្រាងៗកូនប្រុសកូនស្រីត្រូវស្លៀកពាក់តាមប្រពៃណីបុរាណ។អាចារ្យជាអ្នកកាន់ពេលាត្រូវនាំកូនប្រុសទៅថ្វាយបង្គំរានទេវតា ដោយត្រូវអង្គុយបែរមុខទៅទិសខាងកើត ចាំយកពេលានៅទីនោះ។
– លុះពេលវេលាល្អ (ព្រះអាទិត្យរះ) អាចារ្យវាយឃ្មោះបីដងដើម្បីឲ្យកូនកំលោះ ថ្វាយបង្គំព្រះអាទិត្យបីដងដែរ។បន្ទាប់មកគេនាំកូនប្រុសទៅសំពះផ្កាស្លានៅលើផ្ទះការ។
– ហែរកូនកំលោះដល់មាត់ជណ្ដើរ គេវាយឃ្មោះ៣បទជាសញ្ញាអនុញ្ញាតឲ្យកូនកម្លោះឡើងលើផ្ទះបាន។
– នៅពេលនោះកុមារ ឬកុមារី ម្នាក់ឬអាចជាសាម៉ីខ្លួនខាងស្រីយកទឹកមួយផ្ដិលមកលាងជើងឲ្យកូនកំលោះព្រមទាំងជូនផ្កាស្លាមួយបាច់ផង។ ឯកូនប្រុសក៏បានឲ្យប្រាក់ទៅអ្នកលាងជើងឲ្យនោះ ចុងបញ្ចប់កុមារនេះក៏បានដឹកដៃកូនកំលោះឡើងលើផ្ទះ។
– កូនប្រុសអង្គុយលើកន្ទេលបែរមុខទៅខាងកើត។ នៅខាងមុខមានជើងពានផ្កាស្លាទៀនពេលា ទៀបពីរដាក់បាយខុន ក្បាលជ្រូក ឬមាន់ស្ងោរថ្វាយនំអន្សម នំគម។
– កូនកំលោះត្រូវសំពះស្លាព្រះពរ ម្លូមូបីត្រួយ ដែលនៅលើខ្នើយ។
– បន្ទាប់មកអ្នកផ្លូវស្រីម្នាក់អុជទៀនដុតនៅលើ កាន់ចូលទៅអញ្ជើញកូនស្រីចេញ
មកសំពះផ្ទឹម។
– អ្នកភ្លេងច្រៀងបទបើកវាំងនន ។ កូនស្រីចេញមកអង្គុយខាងស្ដាំដៃកូនកំលោះដើម្បីសំពះផ្ទឹម បន្ទាប់មកគេធ្វើពិធីបង្វិលពពិលនៅជុំវិញស្វាមីភរិយា។ បុរសបួននាក់ និងស្ដ្រីបួននាក់សុទ្ធតែអ្នកមានខាន់ស្លា និងមិនអភ័ព្វគូកាន់ពពិលបង្វិលដោយហុចបន្ដគ្នា ពីស្ដាំទៅឆ្វេងហើយអាចារ្យសូត្រធម៌ជយន្ដោបណ្ដើរ។លុះចប់ហើយអាចារ្យសូត្រឲ្យពរផ្កាស្លា។ពួកមេបានិងញាតិមិត្តចងដៃកូនប្រុសកូនស្រីដោយអំបោះ ព្រមទាំងឲ្យពរសព្វសារធុការរៀងៗខ្លួន។គេស្រាយផ្កាស្លាកណ្ដាលនិងផ្កាស្លាពៅចែកឲ្យញាតិមិត្តបាច ដើម្បីឲ្យពរជ័យសិរីមង្គល។
នៅពេលព្រលប់ថ្ងៃដដែលមានប្រារព្ធពិធីផ្សំដំណេកនៅក្នុងបន្ទប់ដេក ។អ្នកត្រូវរៀបចំពិធីនេះគឺជាស្ដ្រីចំណាស់ពីរនាក់។សម្ភារៈត្រូវមាន បង្អែមមួយថាស ចំអាបមួយថាស បាយសី១ថាសដូងខ្ចីមួយ។ដំបូងគេអុជទៀនធូបសែនដូនតាគេដូសទឹកដូងបញ្ចុកកូនប្រុស៣ស្លាបព្រា កូនស្រី៣ស្លាបព្រា។កូនស្រីបកចេកបញ្ចុកកូនប្រុស ឯកូនប្រុសត្រូវបញ្ចុកកូនស្រីវិញជានិមិត្តរូថាត្រូវចេះស្រលាញ់គ្នាអស់មួយជីវិត។
គ. ក្រោយពេលរៀបការ
ក្រោយពេលរៀបការបានបីថ្ងៃគូស្វាមីភរិយាប្រកបដោយផ្កាស្លាច្បង បង្អែម ចំអាប ស្លា បារី ត្រូវនាំគ្នាទៅវត្តដើម្បីឲ្យព្រះសង្ឃបាចផ្កាស្លានោះប្រសិទ្ធពរជ័យសិរីសួស្ដីបានសុខចម្រើនតរៀងទៅ។គេនាំកូនប្រុសកូនស្រីទៅសាលាសង្កាត់ឬសាលាឃុំដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ដោយមានសាក្សីពីរនាក់ផង។ចាប់ពីថ្ងៃនោះមកទាំងពីរនាក់ជាប្ដីប្រពន្ធពេញលក្ខណៈច្បាប់។គូស្វាមីភរិយាត្រូវដើរសួរសុខទុក្ខញាតិមិត្តទាំងសងខាង (ដើររាប់ញាតិទាំងខាងប្រុសនិងខាងស្រី)។
ចុចអា៖ ពិធីចូលចែចូវ ចូលដណ្តឹងពីបុរាណ មានទម្រង់បែបបទបែបណា?
អត្ថបទក្រោយនេះ កម្ពុជាថ្មីនឹងបង្ហាញរៀបមង្គលក្នុងសម័យថ្មី តើមានភាពខុសគ្នានិងដំណើរការយ៉ាងដូចម្តេចបន្តទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ព័ត៌មានជាតិ១១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ