ព័ត៌មានជាតិ
អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំ ពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧កញ្ញា២០២៣-១៧កញ្ញា ២០២៤ ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំជុំវិញខេត្តព្រះវិហារ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិ សរុបប្រមាណ៥០០នាក់។
គួរឱ្យដឹងថា រមណីយដ្ឋានប្រាសាទកោះកេរ ដែលស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ គឺជាខួប១ឆ្នាំ ដែលមហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំនេះអាជ្ញាធរបានការពារ ថែរក្សា និងបានអភិវឌ្ឍបន្ថែមជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរនេះ។ លោកបន្តថា គិតត្រឹមឆ្នាំ២០២៤នេះ កោះកេរ គឺមានអាយុកាល១០៩៦ឆ្នាំ បន្ទាប់ពីបានប្រកាសជារាជធានីក្នុងសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរ កាលពីឆ្នាំ៩២៨ ដោយព្រះបាទជ័យវរ្ម័នទី៤។
“កោះកេរ” គឺជា រាជធានីខ្មែរបុរាណតែមួយគត់ដែលមានឈ្មោះជាភាសារខ្មែរបុរាណផងហៅថា “ឆោកគ៌គ្យរ” និងឈ្មោះជាភាសាសំស្រ្កឹតផងថា “លិង្ហបុរ”។ បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទកោះកេរ មានបុរាណដ្ឋានសរុបចំនួន១៦៩។ក្នុងនោះមានប្រាសាទចំនួន៧៦ និងទីតាំង បុរាណវិទ្យាជាច្រើនទៀតដូចជា ទីតាំងមនុស្សរស់នៅ ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់និងធារាសាស្ត្រ ពិសេសមានសិលាចារឹក បដិមាធំៗប្រកបដោយកាយវិការរស់រវើក ស្ថិតនៅក្នុងតំបន់ការពារកំណត់ដោយព្រះរាជក្រឹត្យឆ្នាំ២០០៤ និងក្រោយមកបានកែសម្រួលនៅឆ្នាំ២០២០មានទំហំសរុប៨៧៩ហិកតា ៤៣អា ដោយមានបែងចែកជា៣តំបន់ការពារ។
លោកបន្តថា អាជ្ញាធរជាតិព្រះវិហារសង្ឃឹមថានឹងទទួលបាននូវកិច្ចសហប្រតិបត្តិការបន្តទៀតជាមួយដៃគូរដែលមានស្រាប់ ហើយទទួល បានដៃគូរថ្មីៗបន្ថែមទៀត ដើម្បីជម្រុញឲ្យសន្ទុះនៃការអភិរក្សនិងអភិវឌ្ឍនៅក្នុងកោះកេរ នេះឲ្យកាន់តែផុសផុលមួយកម្រិតទៀត។ អាជ្ញាធរជាតិព្រះវិហារក៏នឹងបន្តសហការជាមួយអាជ្ញាធរខេត្តព្រះវិហារដើម្បីកៀរគរ ការចូលរួមពីវិស័យឯកជនដើម្បីចូលរួមអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក៏ដូចជាការបង្កើតនូវ ផលិតផលទេសចរណ៍ថ្មីៗទៀត។
លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារមានផ្ទៃដីសរុប១៣.៨២១,៧៦ គីឡូមែត្រការ៉េ និងមានប្រជាជនសរុប២៣ម៉ឺននាក់ ស្ថិតនៅចម្ងាយ២៩៨គ.ម ពីរាជធានីភ្នំពេញ និង១៦០គ.ម ពីខេត្តសៀមរាប មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមានព្រំប្រទល់អន្តរជាតិភាគខាងជើងជាប់នឹងប្រទេសថៃប្រវែង១២៩គ.ម ហើយជាប់នឹងប្រទេសឡាវប្រវែង១៤០គ.ម។ជាមួយគ្នានេះរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ហើយមានចម្ងាយប្រមាណ១០០គ.ម ពីក្រុងសៀមរាប និងចម្ងាយ៣៧០គ.ម ពីរាជធានីភ្នំពេញ។
ក្នុងឱកាសខួប១ឆ្នាំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតកោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។
លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរជាតិព្រះវិហារត្រូវខិតខំប្រឹងប្រែងអភិរក្សប្រាសាទកោះកេរ នេះនឹងប្រាសាទដទៃទៀត។ក្នុងខេត្តព្រះវិហារឲ្យបានល្អប្រសើរនិងជំរុញឲ្យមានការគិតគូររកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមុខកំសាន្តនៅតំបន់ខាងលើនេះប្រកបដោយផាសុកភាព ទាំងទៅ ទាំងមក៕
ដោយ៖ជុន កុសល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ