ព័ត៌មានជាតិ
អតីតមន្ត្រីការទូត ទម្លាយឱ្យដឹងពីមូលហេតុនៃការបិទការិយាល័យតំណាងស្ថានទូតស៊ុយអែតនៅភ្នំពេញ
ស្រាយចម្ងល់ជុំវិញការបិទការិយាល័យតំណាងស្ថានទូតស៊ុយអែតនៅភ្នំពេញ អតីតមន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជាប្រចាំប្រទេសស៊ុយអែត បានទម្លាយឱ្យដឹងពីមូលហេតុនៃការបិទការិយាល័យតំណាងស្ថានទូតស៊ុយអែតនៅភ្នំពេញ។ លោកសាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានលើក ៤ចំណុច ដើម្បីជាការឈ្វេងយល់អំពីការបិទការិយាល័យតំណាងស្ថានទូតស៊ុយអែតនេះ។

លោកសាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានឱ្យដឹងថា យោងអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦១ ការបើកស្ថានទូតរវាងរដ្ឋពីរ ត្រូវមានការព្រមព្រៀងគ្នាទៅលើកម្រិតមន្ត្រីការទូត និងនិវេសនដ្ឋាន។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា និង ស៊ុយអែត បានព្រមព្រៀងគ្នាបើកស្ថានទូត ដែលស្ថានទូតកម្ពុជាប្រចាំស៊ុយអែត មាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍ រីឯស្ថានទូតស៊ុយអែតប្រចាំកម្ពុជា គឺមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ចំណែកការបើកការិយាល័យតំណាងស្ថានទូតស៊ុយអែត និងការិយាល័យកុងស៊ុលរបស់ស៊ុយអែតនៅរាជធានីភ្នំពេញ ត្រូវបានបណ្ឌិត ឥន សុផល បញ្ជាក់ថា ស៊ុយអែតបានដើរមួយជំហានមុនកម្ពុជា ព្រោះកម្ពុជាពុំមានការិយាល័យតំណាងស្ថានទូត ឬស្ថានកុងស៊ុលនៅប្រទេសស៊ុយអែតឡើយ។ ដូច្នេះ ការបិទការិយាល័យតំណាងរបស់ស្ថានទូតស៊ុយអែតនៅភ្នំពេញ ពុំមានអ្វីចម្លែក ឬប្រែប្រួលឡើយ។

អតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជាប្រចាំប្រទេសស៊ុយអែតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ រូបនេះ បានបន្ថែមថា ការបើកការិយាល័យតំណាងស្ថានទូតនៅភ្នំពេញ គឺបានជួយសម្រួលដល់ការងារក្នុងគម្រោងអភិវឌ្ឍរបស់ស៊ុយអែតនៅកម្ពុជា និងការបើកការិយាល័យកុងស៊ុល គឺជួយសម្រួលដល់ទេសចរជនជាតិស៊ុយអែតនៅកម្ពុជា។ នៅពេលគម្រោងជំនួយអភិវឌ្ឍន៍ផុតអាណត្តិ និងអ្នកទេសចរស៊ុយអែតបានធ្លាក់ចុះដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលស៊ុយអែត បានបិទការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ តែរក្សាទុកការិយាល័យកុងស៊ុលនោះ គឺទំនាក់ទំងទ្វេភាគីរវាងកម្ពុជា និងស៊ុយអែត មិនមានអ្វីប្រែប្រួលទេ។ នេះជាសំណេររបស់បណ្ឌិត ឥន សុផល ដដែលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក។

ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិផងនោះ សាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានចាត់ទុកការបិទស្ថានទូតស៊ុយអែតនៅបរទេស ថា ពុំមែនទើបកើតមានចំពោះតែកម្ពុជានោះទេ ក៏ប៉ុន្តែ ស៊ុយអែត ក៏ធ្លាប់បិទស្ថានទូតរបស់ខ្លួននៅប្រទេសមួយចំនួននៅអាស៊ី និងអឺរ៉ុបដែរ។
បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូតជាមួយនឹងអន្តរជាតិចំនួន ១៧០ប្រទេស ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន១៩៤ប្រទេស។ កម្ពុជាមានស្ថានទូត និងស្ថានអគ្គកុងស៊ុលនៅបរទេសជាង៤០ នឹងមានគម្រោងបើកស្ថានទូតមួយចំនួនទៀតនៅបរទេស។ ដូច្នេះទំនាក់ទំនងការទូតកម្ពុជាមានតែការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ការបកស្រាយរបស់អតីតមន្ត្រីការទូតជាន់ខ្ពស់ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិខាងលើ គឺបន្ទាប់ពីការបកស្រាយលើករណីនៃការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ ក្នុងគោលដៅនយោបាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានចោទប្រកាន់ដោយគ្មានមូលដ្ឋាន ថា ស៊ុយអែត បិទស្ថានទូតនៅកម្ពុជា បានបង្ហាញពីភាពបរាជ័យរបស់រាជរដ្ឋាភិបាលទាំងនយោបាយសេដ្ឋកិច្ច និងផ្នែកនយោបាយការទូត។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកច្រានចោល និងបានអះអាងថា បើទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញក៏ដោយ តែស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញនឹងនៅតែបន្តបើកទ្វារ។
សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ បានបញ្ជាក់ថា បន្ទាប់ពីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកនឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅរាជធានីភ្នំពេញនឹងនៅតែបើកទ្វារ ដើម្បីបន្តផ្តល់សេវាកុងស៊ុលដល់ប្រជាពលរដ្ឋស៊ុយអែតនៅកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស ការសម្រេចបិទការិយាល័យតំណាងស្ថានទូតនៅកម្ពុជា គឺដោយសារការរៀបចំឡើងវិញនៅចំណុចអាទិភាព ដោយត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ