ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធត្រៀមអន្តរាគមន៍គ្រោះទឹកជំនន់ជាបន្ទាន់
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែកញ្ញានេះ បានចេញបទបញ្ជាទៅកាន់គណៈអភិបាលរាជធានី-ខេត្ត ស្ថាប័នញាក់ព័ន្ធ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានយកចិត្តទុកដាក់គ្រោះទឹកជំនន់ដោយត្រៀមចេញអន្តរាគមន៍សង្គ្រោះអាយុវជីវិតប្រជាពលរដ្ឋ និងកំណត់ទីទួលសុវត្ថិភាពឱ្យបានឆាប់រហ័ស។

ការចេញបទបញ្ជា ដើម្បីកាត់បន្ថយហានិភ័យដែលកើតមាន និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ឥទ្ធិពលព្យុះយ៉ាកជី បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កទៅជាទឹកជំនន់ធ្វើឱ្យមានការលិចលង់នៅតាមបណ្តាប្រទេសជិតខាងកម្ពុជា បណ្តាឱ្យមនុស្សស្លាប់ជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។
សម្តេចធិបតី មានប្រសាសន៍ថា៖«ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបទបញ្ជា ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បញ្ជូនកម្លាំងមធ្យោបាយ និងសម្ភារដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ជាមួយគណៈអភិបាលរាជធានី-ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសម្របសម្រួល និងត្រៀមកម្លាំងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម»។
ជាមួយគ្នានេះ សម្តេចធិបតីណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការវិវត្តនៃកម្ពស់ទឹក ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារចាំបាច់នានា ក្នុងករណីមានផលប៉ះពាល់ធំដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាកសិករ។

ឆ្លើយតបទៅនឹងបទបញ្ជានេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងថា ស្ថាប័នរបស់ខ្លួនបានរៀបចំជាបន្ទាន់នូវវិធានការដើម្បីត្រៀមអន្តរាគមន៍ ទាំងផ្នែកកម្លាំងប្រដាប់អាវុធដែលបានហ្វឹកហ្វឺនក្នុងការជួយសង្គ្រោះ គ្រឿងបរិភោគ និងការត្រៀមសម្ភារជាដើម។ លោកថ្លែងថា៖«យើងបានរៀបចំសេចក្តីជូនដំណឹង ណែនាំរួចហើយដល់តំបន់ដែលអាចងាយរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះប្រជាពលរដ្ឋបានជ្រាបនិងត្រៀមលក្ខណៈខ្លួនគាត់រួចរាល់ហើយដែរ។ ជារួម មកដល់ពេលនេះយើងបានត្រៀមវិធានការ ក៏ដូចជាកម្លាំងមធ្យោបាយ និងបរិក្ខា ស្បៀងអាហារ សម្រាប់អន្តរាគម៍ និងឆ្លើយតបនៅពេលមានករណីគ្រោះមហន្តរាយកើតឡើង»។
គ្រោះធម្មជាតិនេះ ក៏បានបង្កឱ្យមានទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅមកកាន់រាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។

ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតី និងមានឥទ្ធិពលខ្លាំងមកលើកម្ពុជាដែលបណ្តាលឱ្យមានផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យមដែលធ្វើឱ្យប៉ះពាល់ស្ទើរទូទាំងប្រទេសកម្ពុជា។
បើទោះបីបច្ចុប្បន្នកម្ពុជាមិនទាន់រងការខូចខាតធ្ងន់ធ្ងរពីខ្យល់ព្យុះយ៉ាកជី ប៉ុន្តែនៅតាមបណ្តាភូមិ ស្រុក នៃខេត្តមួយចំនួនរួមមានខេត្តក្រចេះ និងតំបន់ខ្លះក្នុងខេត្តព្រះសីហនុ បានជន់លិចដោយសារទំនន់ទឹកភ្លៀង៕

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច