Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីណែនាំ៩ចំណុច ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទានធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ

បានផុស

នៅ

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ៩ចំណុច ទាំងការរៀបចំតុបតែងនៅតាមវត្តអារាម សំអាតបរិស្ថាន និងការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ ទី១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំងអាជីវកម្ម គ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលើកទង់ជាតិ ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនា,បំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និង ស្រស់ស្អាត។ សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន ហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែស្រស់ស្អាត។

 ទី២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យ ទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។

ទី៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាព ឬ សកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួលចរាចរណ៍យានយន្ត ពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខ វត្តអារាម។ យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមមូលដ្ឋាន របស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ។ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត និងគ្រប់គ្រង តាមដានព័ត៌មាន និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើតមានឡើងនៅក្នុង មូលដ្ឋានរៀងៗខ្លួន ដើម្បីត្រៀមចាត់វិធានការឱ្យបានទាន់ពេលវេលា។

ទី៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់វត្តអារាម ត្រូវចាត់ចែងបោសសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូន ជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ បរិស្ថានក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺ ភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ។ ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន និងបង្សុកូលឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិទាំងឡាយដែលបានលាចាកលោក ព្រមទាំងចាត់ចែង ប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។ សហការជាមួយរដ្ឋបាលខណ្ឌសាមីណាមួយ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ជនរួមជាតិ និងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។ ណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំចំណតសម្រាប់យានយន្តចតគ្រប់ប្រភេទ ឱ្យបានសមរម្យ និងត្រូវសម្រួល ចរាចរណ៍ឱ្យយានយន្តរបស់ពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័ស ចៀសវាងបង្កការកកស្ទះ ចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម។ ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើល ឱ្យបានគ្រប់ជ្រុងជ្រោយលើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាព ឬ ប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។

ទី៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយាដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។

ទី៦-មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។

ទី៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និង តាមដងវិថី-មហាវិថីនានាឱ្យបានសមរម្យ ដំឡើងរបាកាត់ទទឹងផ្លូវនៅវិថី-មហាវិថីសំខាន់ៗ លាងសម្អាតផ្លូវ លាបលន ឬ គំនូសនៅតាមបណ្តាវិថី-មហាវិថីសំខាន់ៗ ដើម្បីធានានូវបរិស្ថាន និងសោភ័ណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។

ទី៨- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬ បរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ។  សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលា កំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម ហើយធានាបាននូវអនាម័យ-បរិស្ថានស្អាត។

ទី៩- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធ ភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បី ធានាឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម និងភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយ សម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាព ល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារ បច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះ បន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម