ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព រំពឹងថា លោក វ៉ាង វិនពីន នឹងជួយជំរុញការធ្វើសមយុទ្ធយោធាកម្ពុជា-ចិនឱ្យកាន់តែធំ
កម្ពុជា និងចិន បង្ហាញឆន្ទៈនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ហើយក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រំពឹងថា នឹងជួយជំរុញការធ្វើសមយុទ្ធយោធាកម្ពុជា-ចិនឱ្យកាន់តែធំ។
ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសាទរចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដោយលោក ជឿជាក់ថា ផ្អែកតាមភាពប៉ិនប្រសប់ និងបទពិសោធន៍លើវិស័យការទូតរបស់លោក វ៉ាង វិនពីន ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរ និងបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ។
នាយឧត្តមសេនីយ៍ បានអរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ វិស័យការពារជាតិ ចិនបានជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មទីបញ្ជាការមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មប្រព័ន្ធកាពារអាកាស ការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ និងការធ្វើទំនើបកម្មអាវុធធុនធ្ងន់គ្រប់ប្រភេទ។
លើឈរស្មារតីនេះ លោកអគ្គមេបញ្ជាការ ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា នឹងជំរុញបន្ថែមទៀតការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់លោកឯកអគ្គរដ្ឋទូតបន្តជំរុញលើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងសាលាជំនាញកាំភ្លើងធំ និងជំនាញការពារអាកាសដល់កងទ័ពជើងគោកកម្ពុជា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានចារកិច្ចទៅវិញទៅមកឱ្យកាន់តែធំទូលាយ និងទាន់ពេលវេលា។
លោក វ៉ាង វិនពីន លើកឡើងថា ទំនាក់ទំនងចិន និងកម្ពុជា គឺជាទំនាក់ទំនងឆ្លងកាត់រយៈកាលដ៏យូរអង្វែង និងបង្កើតបានជាគំរូមួយនៃទំនាក់ទំនងអន្តរជាតិមិនអាចបំបែកបាន ហើយទំនាក់ទំនងនេះថ្នាក់ថ្នមថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុន និងមានការគាំទ្រពីប្រជាជនប្រទេសទាំងពីររួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈ និងមានភាពរឹងមាំជារៀងរហូតមក។
«ក្នុងនាមជាប្រទេសជិតខាង និងដៃគូដ៏ជិតស្និទ្ធ ចិន-កម្ពុជា បានបង្កើត និងបីបាច់ថែរក្សាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន ដោយឆ្លងកាត់ការសាកល្បង ការប្រែប្រួល និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ ដូច្នេះយើងត្រូវរួមសហការគ្នា អភិវឌ្ឍទំនាក់ទំនងនេះឱ្យកាន់តែស្អិតរមួតថែមទៀត»។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតចិន។
ពាក់ព័ន្ធលើវិស័យកងទ័ព លោក វ៉ាង វិនពីន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដោយកន្លងមក កងទ័ពប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ និងបានចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ។
ក្នុងនាមឯកអគ្គរដ្ឋទូតថ្មី លោក វ៉ាង វិនពីន បានអះអាងពីការសហការជាមួយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដើម្បីចាប់ដៃជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ជំរុញឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឈានឡើងដល់កម្រិតថ្មីមួយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា