Connect with us

ព័ត៌មានជាតិ

តើត្រូវត្រៀមបង្ការដូចម្តេចមុនពេលមានគ្រោះទឹកជំនន់?

បានផុស

នៅ

នៅកម្ពុជា គ្រោះមហន្តរាយដោយទឹកជំនន់មាន ២ប្រភេទ គឺទឹកជំនន់ទន្លេមេគង្គ និងជំនន់រហ័ស។ ទឹកជំនន់ទន្លេមេគង្គ គឺបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងផ្ទួនៗគ្នានៅតំបន់ខាងលើ ជាមួយការមកដល់នូវសម្ពាធនៃខ្យល់ព្យុះត្រូពិកធ្វើឱ្យទឹកទន្លេកើនឡើង។ រីឯទឹកជំនន់រហ័សបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ភ្នំហើយហូរចាក់មកស្ទឹងនានាស្របពេលទឹកទន្លេរឡើងខ្ពស់ផងធ្វើឱ្យទឹកស្ទឹងកើនជន់លិច ប៉ុន្តែមានរយៈពេលខ្លី យូរបំផុតត្រឹម២ ទៅ ៣ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះ តើត្រូវត្រៀមបង្ការដូចម្តេចមុនពេលមានគ្រោះទឹកជំនន់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសៀវភៅ “ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត មុនពេល អំឡុងពេល និងក្រោយពេលមានគ្រោះទឹកជំនន់” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ និងអង្គការយូនីសេហ្វ។ ដើម្បីត្រៀមបង្ការមុនពេលមានគ្រោះទឹកជំនន់ ត្រូវតាមដានព័ត៌មាននានាពីទឹកជំនន់ ការប្រកាសដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។ បង្កើនការយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ ផ្ទាំងរូបភាពផ្សព្វផ្សាយ សារតាមទូរស័ព្ទចល័ត ការនិយាយគ្នាពីមាត់មួយទៅមាត់មួយ តាមរយៈអាជ្ញាធរមូលដ្ឋាន និងការព្យាករអាកាសធាតុ ដើម្បីបានដឹងពីស្ថានភាពវិវត្តន៍របស់ទឹកជំនន់។

លើសពីនេះ ត្រូវត្រៀមចំណីអាហារ ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ត្រីឆ្អើ ត្រីងៀត ផ្អក ប្រហុក ពោត ដំឡូង ត្រាវ…។ ព្រមទាំង ត្រៀមសម្ភារសំខាន់ៗ ដូចជា កន្ទេល មុង ភួយ អង្រឹង តង់ ចាន ឆ្នាំង ស្លាបព្រា កាំបិត ចង្ក្រាន ធ្យូង អុស ដែកកេះ ប៊ីដុនទឹក ពោង ធុងទឹក និងឫស្សីសម្រាប់ធ្វើក្បូន ជាដើម។ ជាពិសេស ត្រូវត្រៀមថ្នាំចាំបាច់មួយចំនួនសម្រាប់ព្យាបាលជំងឺ រួមមាន ថ្នាំប៉ារ៉ាសេតាម៉ុល សម្រាប់គ្រុនផ្តាសាយធម្មតា កញ្ចប់អូរ៉ាលីត និងថ្នាំជាតិស័ង្កសីប្រើសម្រាប់ជំងឺរាគ និងរៀបចំសម្ភារផ្សេងៗទៀតសម្រាប់កុមារ។ ត្រូវទុកដាក់ឯកសារសំខាន់ៗឱ្យមានសុវត្ថិភាព ដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ត្រូវទុកដាក់នៅក្នុងថង់ ឬប្រអប់ជ័របិទជិតដែលអាចការពារកុំឱ្យទទឹក ឬសើមបាន។

ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវបន្តតាមដាន និងពិនិត្យផ្ទៃពោះតាមការណាត់របស់មណ្ឌលសុខភាព និងត្រូវដឹងឱ្យបានច្បាស់ពីថ្ងៃខែដែលត្រូវសម្រាលកូន។ សន្សំប្រាក់មួយចំនួនដើម្បីទុកសម្រាប់ពេលសម្រាលកូន និងក្រោយពេលសម្រាល ត្រៀមសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលសម្រាលដូចជា សំពត់ កន្សែង ខោអាវកូន​ ស្រោមដៃ ស្រោមជើង សាប៊ូ បំពង់ទឹកក្តៅ កន្ថោរ។ល។ ត្រូវត្រៀមរកអ្នកមកជួយថែទាំងនៅពេលសម្រាល និងមធ្យបាយធ្វើដំណើរនៅពេលឈឺពោះ ដូចជា ទូក កាណូត ឡាន ឬមធ្យបាយផ្សេងទៀតដែលមាន។ ប្រសិនបើមានការចាំបាច់ត្រូវត្រៀមរៀបចំកន្លែងស្នាក់នៅមុនពេលសម្រាលកូនជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនៅពេលឈឺពោះសម្រាល។​

ការត្រៀមបង្ការទុកជាមុនឱ្យបានល្អចំពោះគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ ហើយអាចការពារសមាជិកដែលងាយរងគ្រោះ និងក្រុមគ្រួសារមិនឱ្យមានការបាត់បង់ ឬអាចមានការខាតបង់តិចតួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម