ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្រ្តីតែម្នាក់ មិនអាចកំណត់កត្តាជោគជ័យ ឬបរាជ័យវិស័យទេសចរណ៍បានទេ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា បានលើកឡើងថា ការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ គឺជារឿងធម្មតា។ ជាទូទៅរដ្ឋាភិបាលនីមួយៗ អាចមានការកែសម្រួលផ្លាស់ប្តូរសមាជិកគណៈរដ្ឋមន្រ្តីរបស់ខ្លួនតាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល ដូច្នេះការផ្លាស់ប្តូរបែបនេះ ក៏ជាបច្ច័យល្អមួយដែលដើម្បីជាការផ្លាស់ប្តូរបទពិសោធផង ហើយក៏អាចជាការបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។
លោកបានលើកឡើងបែបនេះ បន្ទាប់ពីនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ សមាជិក-សមាជិការដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងដល់ការផ្លាស់ប្តូរកៅអីរដ្ឋមន្រ្តីពីររូប ក្នុងនោះលោក ហួត ហាក់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយ លោក សុខ សូកេន ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការផ្លាស់ប្តូរនេះលោក គិន ភា បានទាញការចាប់អារម្មណ៍ថា មិនថាវិស័យទេសចរណ៍ ឬវិស័យណាទេ កត្តាផ្លាស់ប្តូររដ្ឋមន្រ្តីតែម្នាក់មិនមែនជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធការដឹកនាំរដ្ឋទាំងមូល ដែលចាំបាច់ត្រូវតែពិនិត្យមើលអំពីភាពជោគជ័យ ឬបរាជ័យស្ថាប័នសាធារណៈរបស់យើង។
លោកមានប្រសាសន៍ថា៖«ជាពិសេស វិស័យទេសចរណ៍ ខ្ញុំគិតថាភាពជោគជ័យ ឬបរាជ័យយើងត្រូវពិនិត្យមើលលើកត្តាពាក់ព័ន្ធជាច្រើន រាប់ទាំងកត្តាច្បាប់ ថាតើការអនុវត្តច្បាប់របស់យើងបានពេញលេញ ស្មើភាព មានស្តង់ដាតែមួយឬយ៉ាងណា។ យន្តការ ស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ ក៏យើងត្រូវការយកចិត្តទុកដាក់ដែលទៅលើសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់យើងជៀសវាងព័ត៌មានមិនល្អ ពាក់ព័ន្ធជាមួយនឹងសុវត្ថិភាព សន្តិសុខ សម្រាប់ភ្ញៀវទេសចរ ដែលអញ្ជើញមកលេងប្រទេសកម្ពុជា»។
ទន្ទឹមនឹងនោះ យើងត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ការស្នាក់នៅ សេវាម្ហូបអាហារ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ចតាមច្រកចូលនៃច្រកទ្វារអន្តរជាតនីមួយៗ ពិសេសពាក់ព័ន្ធការយកលុយក្រៅផ្លូវការពីភ្ញៀវទេសចរ ដែលទាំងអស់នេះសុទ្ធតែជាបច្ច័យដែលរុញច្រានទេសចរណ៍របស់យើងមិនអាចងើបមុខរួច។
ទន្ទឹមនឹងនោះ ការបង្កើតនូវផលិតផលទេសចរណ៍ផ្សេងៗជាច្រើនក៏ជារឿងចាំបាច់ យើងមិនអាចពឹងតែទៅលើប្រាសាទអង្គរវត្តតែមួយមុខ ហើយអាចស្រូបទាញភ្ញៀវទេសចរណ៍រាប់លាននាក់បានទេ យើងត្រូវតែមានផលិតផលទេសចរណ៍ផ្សេងៗជាច្រើនទៀត ដើម្បីឱ្យភ្ញៀវទេសចរអាចបន្តស្នាក់នៅកម្ពុជាឱ្យកាន់តែយូរ ។
ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយទេសចរណ៍ គោលដៅទេសចរណ៍ព តំបន់រំណីយដ្ឋានសំខាន់ៗរបស់ប្រទេសកម្ពុជាទៅកាន់ភ្ញៀវបរទេសតាមរយៈស្ថានតំណាងរបស់ខ្មែរនៅបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីជុំវិញពិភពលោកក៏ជារឿងចាំបាច់។
ចំណុចមួយទៀត គឺឆន្ទៈនយោបាយដែលជាចំណុចសំខាន់ ទោះបីយើងមានគោលនយោបាយល្អ យុទ្ធសាស្រ្តល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់ ក្នុងការវះកាត់នូវបញ្ហាផ្សេងៗ ឬក៏មន្រ្តីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ ឬបង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខ្ញុំគិតថារាជរដ្ឋាភិបាល គួរតែហ៊ានអនុវត្តនូវវិធានការក្តៅ ហ្មត់ចត់ ម៉ឺងមាត់ មិនអាចបណ្តែតបណ្តោយបានទេ។
ចំណុចសំខាន់មួយទៀត គឺមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិគឺជារឿងសំខាន់ណាស់ កន្លងមកនេះកេរ្តិ៍ឈ្មោះរបស់យើងត្រូវបានកាសែតបរទេសមួយចំនួន សម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ មិនពិតខ្លះ ពាក់ព័ន្ធជាមួយនឹងការឆបោកតាមអ៊ិនធឺណិត ការជួញដូរមនុស្ស ដែលកំពុងតែជះឥន្ធិពលជាអវិជ្ជមានសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ បើយើងពិនិត្យទៅលើកម្រិតផ្ទៃក្នុងរាជរដ្ឋាភិបាល ខ្ញុំគិតថាទាមទារឱ្យមានកិច្ចសហការគ្នាជាប្រព័ន្ធរួមគ្នាដោះស្រាយបញ្ហា ជាជាងសាចទឹកដាក់គ្នា រីឯកម្រិតក្រសួងទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម។
លោកបណ្ឌិត គិន ភា បន្ថែមថា៖« វិស័យទេសចរណ៍ គឺជាវិស័យមួយដែលយើងធ្វើការពាក់ព័ន្ធជាមួយនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស ដូច្នេះទាល់តែយើងយកបេះដូងរបស់គេបាន ទើបគេមកលេងនៅស្រុកយើង។ ហើយបើសិនជាមានរឿងរ៉ាវណាមួយពាក់ព័ន្ធជាមួយនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬធ្វើឱ្យគេមានការបារម្មណ៍ណាមួយ ខ្ញុំគិតថាភ្ញៀវទេសចរគេមិនចំណាយលុយមកលេងពេលដែលអារម្មណ៍គេមិនល្អនោះទេ ដូច្នេះការសម្អាតមុខ និងលើកមុខមាត់ប្រទេសកម្ពុជាគឺជារឿងចាំបាច់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)