Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្ញើសាររំលែកទុក្ខពលរដ្ឋ៣រូប ដែលស្លាប់ក្នុងហេតុការណ៍លិចទូក នៅស្រុកចិត្របុរី ខេត្តក្រចេះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានផ្ញើលិខិតរំលែកទុក្ខចំពោះគ្រួសារពលរដ្ឋចំនួន៣រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោកនេត្រ ភក្ត្រា បានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈ​ដឹក​ដំឡូង​មីឆ្លងកាត់​ទន្លេឆ្ពោះទៅ​កាន់​ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈលោក យ៉ិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខនិងបច្ច័យរបស់លោករដ្ឋមន្ត្រី ចូលរួមបន្ថែមជូនក្រុមគ្រួសារសព។

គួរជម្រាបថា នៅ​វេលា​ម៉ោង១៤​និង​២០​នាទី​ថ្ងៃ​ទី​២០ កញ្ញា ជនរងគ្រោះមាន​គ្នា​ចំនួន​៥​នាក់ធ្វើ​ដំណើរ​លើ​ទូក​មួយ​គ្រឿង ដឹក​ដំឡូង​មី មក​ដល់​ចំណុច​បឹង​រាំង ក្នុងភូមិ​ខ្នង​ពស់ ឃុំ​ដារ ស្រុក​ចិត្ត​បុរី ក៏​បាន​ជួប​ប្រទះភ្លៀង និង​ខ្យល់​ខ្លាំងបង្កើត​ជា​រលក​ទឹកធំៗវ៉ៃ​ទូក​ឲ្យ​លិចតែ​ម្តង។ ជន​រង​គ្រោះ ក្នុង​ឧបទ្ទវហេតុ​ខាងលើ មាន​ចំនួន​៥​នាក់ ខណៈ​មាន​២​នាក់ រួច​ផុត​ជីវិត និង​បី​នាក់​ទៀត លិច​បាត់​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្លាំងប្រដាប់អាវុធ លោក​អភិបាលស្រុក អភិបាលរង បាន​រក​ឃើញ​សាកស​ព ចំនួន២​នាក់ នៅ​រសៀល​ថ្ងៃ​ដដែល លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ កញ្ញា ទើប​រក​ឃើញ​សពម្នាក់​ទៀត។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោកនេត្រ ភក្ត្រា ក៏បានអរគុណអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព។ សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង៣រូបបានទៅកាន់សុគតិភព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម