ព័ត៌មានជាតិ
ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ប៉ុន្តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្ត ពិសេសគឺធានាបាននូវការការពារទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ការបញ្ជាក់នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណកម្ពុជា ឡាវ និងវៀតណាម ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ តទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតាមរយៈសារពិសេសថា ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍភូមិភាគឦសាន្តដើម្បីលើកម្ពស់ជីវភាពប្រជាជន ការពារអធិបតេយ្យភាព និងទឹកដីរបស់កម្ពុជា។

ការបញ្ជាក់របស់សម្តេចធិបតី ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋដែលបានលើកជាចម្ងល់ថា បើរដ្ឋាភិបាលបញ្ចប់ចូលរួមគម្រោង CLV តើផែនការរបស់រដ្ឋាភិបាលដែលបានដាក់ចេញនឹងត្រូវបន្តសកម្មភាពឬយ៉ាងណា។
សម្តេចធិបតី ថ្លែងថា៖«ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈជាច្រើនលើកហើយ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនៅប្រទេសរបស់ខ្លួនក៏ដូចជាការធានានូវការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់»។
សម្តេចធិបតីបន្ថែមថា ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឦសាន្តផ្ទាល់តែម្តង ហេតុដូច្នេះ ការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសាន្តនៅតែរក្សាដដែលគ្មានប្រែប្រួល ដែលរួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត ជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ ២០២៥។
ពាក់ព័ន្ធការបញ្ចប់ចូលរួមអភិវឌ្ឍតំបន់ត្រីកោណ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ចាត់ទុកថាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកិច្ចការប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ។ លោកបញ្ជាក់ទៀតថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែឈរខាងប្រជាជន ហើយលោកពិតជាពេញចិត្តការសម្រេចចិត្តដ៏មុតស្រួចនេះ ដើម្បី «ដកអាវុធចេញពីដៃក្រុមជ្រុលនិយម»មួយចំនួនកុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
ជុំវិញការសម្រេចចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។ សូមបញ្ជាក់ថាការដកខ្លួនពី CLV គឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានពិភាក្សាគ្នាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ថា ការសម្រេចចិត្តនេះដើម្បីដកអាវុធពីក្រុមជ្រុលនិយមមួយចំនួនដែលតែងតែយកប្រធានបទ CLV ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាលថាកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេស ដែលធ្វើឱ្យប្រជាជនមានការភាន់ច្រឡំ។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំ មកហើយ និងបានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានកៀរគរថវិកាជាង ២១ លានដុល្លារ ដែលមានប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅប្រទេសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តប្រមាណ ៧០ ម៉ឺននាក់ គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវិភាគទានស្ម័គ្រចិត្តដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងដាក់ចេញកញ្ចប់លើកទឹកចិត្តដែលជំរុញដល់ការវិនិយោគតាមបណ្តាខេត្តជាប់ព្រំដែន។
ដោយសង្កេតឃើញថា ចលនាចូលរួមមូលនិធិកសាងហេដ្ឋារចនាមសម្ព័ន្ធតាមព្រំដែន នៅតែមានការចូលរួមជាហូរហែ ដូច្នេះក្រុមការងារមូលនិធិនឹងបន្តទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤។ នៅពេលបិទបញ្ចប់ ក្រុមការងារនឹងជូនដំណឹងអំពីទិន្នន័យចុងក្រោយ រួមជាមួយនឹងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធិនេះ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?