ព័ត៌មានជាតិ
ជំនឿកប់សពរួមក្នុងព្រៃជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីដាក់ពាងចំណាំំ ចែកតាមឋានៈគ្រួសារ
បើតាមលោក ព្រេង សុខសារី ប្រធានសហគមន៍តំបន់ការពារធម្មជាតិជនជាតិភាគតិចភូមិពូត្រុំក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនជាតិដើមភាគតិចពូនងដែលរស់នៅក្នុងសហគមន៍ នៅតែរក្សាទំនៀមទម្លាប់កប់សពតាមបែបប្រពៃណីពីដូនតាក្នុងព្រៃសម្រាប់កប់សពរួម។

លោក ព្រេង សុខសារី គូសបញ្ជាក់ថា ជនជាតិដើមភាគតិចនៅក្នុងសហគមន៍ នៅតែនាំគ្នាបន្តកប់សពតាមបែបប្រពៃណីគឺកប់សពនៅក្នុងព្រៃតាមទំនៀមទម្លាប់តពីដូនតាមក។ សម្រាប់ជំនឿព្រៃកប់សពរបស់សហគមន៍ គឺមិនអនុញ្ញាតឱ្យប្រជាជនយកមកធ្វើស្រែចម្ការ ធ្វើផ្ទះ ឬ ឈូសឆាយ នៅលើតំបន់ព្រៃខ្មោចនោះបានទេ។
លោកថា អប្បិយជំនឿដែលនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរឹងនេះ ប្រសិនបើមានអ្នកណាមកប៉ះពាល់នៅលើព្រៃនៃតំបន់កប់សព កាប់ឈើ ឬឈូសឆាយដី នៅក្នុងព្រៃនេះ នឹងមានបញ្ហាកើតមានដល់គ្រួសារជនរងគ្រោះ ឬមានបញ្ហានៅក្នុងភូមិស្រុក ដូចជាឈឺថ្កាត់ ក្តៅហួតហែងជាដើម។ មួយវិញទៀត តាមជំនឿព្រៃកប់សពក៏មិនអនុញ្ញាតិឲ្យអ្នកណាទៅរកផលអនុផលនៅក្នុងព្រៃកប់ខ្មោចនេះដែរ ព្រោះប្រសិនបើចូលទៅហើយដើរជាន់ ឬកន្លងផ្នូរខ្មោច ស្មើមើលងាយដូនតា វីរបុរស និងវីរជនដែលបានស្លាប់ទៅ។

ការប្រកាន់នូវអប្បិយជំនឿនេះ ប្រធានសហគមន៍ពូត្រុំបានអះអាងថា «ប្រសិនបើប្រជាជនបាត់គោ ក្របី ចូលក្នុងព្រៃខ្មោច គេនឹងទុករហូតដល់គោនោះដើរចេញវិញដោយខ្លួនឯង មិនហ៊ានចូលទៅរកនោះទេ ព្រោះមានសពស្លាប់ច្រើន បើចង់ដើរចូល លុះត្រាតែមានចាស់ទុំនាំផ្លូវដើម្បីកុំឱ្យជាន់ផ្នូរខ្មោចផ្សេងទៀត»។
លោកក៏ឱ្យដឹងបន្ថែមថា «ដើម្បីកុំឱ្យកប់ជាន់កន្លែងដែលមានផ្នូរសព គេតែងយកពាងមកដាក់ជាតំណាង ដើម្បីឱ្យអ្នកក្រោយៗបានដឹងថា កន្លែងនេះមានកប់សពរួចហើយ ដូច្នេះចំពោះកន្លែងណាដែលគ្មានពាងសម្គាល់ និងមានសាក្សី នោះយើងអាចកប់សពបាន ដោយកប់ទៅតាមខ្សែស្រឡាយសាច់ញាតិដែលស្លាប់ជាបន្តបន្ទាប់។ ជាក់ស្តែង រហូតមកដល់សម័យបច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានជីវភាពធូរធារ ក៏អាចធ្វើជាសញ្ញាសម្គាល់ ឬចាក់ស៊ីម៉ង់ដាក់ផ្លាកឈ្មោះនានាជាដើម ប៉ុន្តែសម្រាប់អ្នកក្រគឺនៅរក្សាតាមបែបប្រពៃណីសុទ្ធសាធ»។

លោកក៏បានបញ្ជាក់ដែរថា ព្រៃកប់សពរបស់សហគមន៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យមានទំហំសរុបប្រមាណ ១៥ ហិតា ដោយមានពីរកន្លែង មួយកន្លែងមានទំហំំ ៤ ហិតា និងមួយកន្លែងទៀតមានទំហំ ១១ ហិតា។
លោកបន្តថា ការចុះបញ្ជីដីកប់សពជាឯកច្ឆន្ទសម្រាប់ជនជាតិដើមពូនងគ្រប់គ្រង បានផ្តល់ប្រយោជន៍ធំៗចំនួន ២ ទី១ ការពារបន្ថែមនៅលើគម្របព្រៃឈើ ទី២ គឺគួបផ្សំនិងជំនឿជនជាតិដើមមានស្រាប់ដែលមិនអនុញ្ញាតឱ្យកាប់ឈើ ឬក៏រំលំឈើនៅក្នុងព្រៃកប់សពដើម្បីធ្វើចម្ការ ឬគេហដ្ឋាន ដូច្នេះតាមរយៈនេះក៏នឹងជួយថែរក្សាបានទាំងព្រៃសម្រាប់ជនជាតិដើមភាគតិច គោរពតាមប្រពៃណីផង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី