ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ជិត ២០ ថ្ងៃនេះ ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជាង ១ ម៉ឺនគ្រួសារ និងស្រូវជាង ៩ ពាន់ហិតា
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ កញ្ញា នេះថា គិតចាប់ពីថ្ងៃទី ៥-២៣ ខែកញ្ញា ឆ្នាំ ២០២៤ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្តចំនួន ៩ រួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះសីហនុ, មណ្ឌលគិរី, សៀមរាប, ត្បូងឃ្មុំ, រតនគិរី, កំពង់ចាម, កំពង់ធំស្មើ ២៦ ក្រុង ស្រុក និង ១០៣ ឃុំ សង្កាត់ ដោយប៉ះពាល់ប្រជាពលរដ្ឋ ១៣,៩៤៤ គ្រួសារ ផ្ទះ ៤,៣៤០ ខ្នង ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព ៣៣៣ គ្រួសារ ស្រូវ ៩ ៣៥៥ ហិតា ក្នុងនោះស្រូវខូចខាត ៣៦៧ ហិតា។
លោកបានបន្តថា ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះខេត្តក្រចេះ ប៉ះពាល់ច្រើនជាងគេរួមមាន ប្រជាពលរដ្ឋប៉ះពាល់ ១០,៥០៨ គ្រួសារ, ប៉ះពាល់ផ្ទះ ៣,០៥១ ខ្នង, ជម្លៀសប្រជាពលរដ្ឋ ៩៦ គ្រួសារ និង ប៉ះពាល់ស្រូវ ៧៣៦៧ ហិតា ក្នុងនោះ ១៤៧ ហិតា រងការខូចខាត។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ស្ថានភាពជំនន់ទឹកភ្លៀងមិនមានអ្វីធ្ងន់ធ្ងរទេ ដោយនៅតាមតំបន់ខាងលើរួមមាន ស្ទឹងត្រែង និងក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ហើយ បន្ទាប់ទឹកបានហូរចូលទៅតំបន់វាលទំនាប ធ្វើឱ្យលិចតំបន់មួយចំនួននៅផ្នែកខាងលើដោយសារឥទ្ធិពលទឹកមកពីប្រទេសជិតខាងកម្ពុជា ធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងប៉ុន្មានថ្ងៃមុន។
ចំណែកកម្ពស់ទឹកទន្លេមេគង្គ បានឡើងសន្សឹមៗ ជាង ១ តឹក ក្នុង ១ ថ្ងៃ ដែលជារបបទឹកទន្លេមេគង្គ ដោយសារមានភ្លៀងធ្លាក់។ រីឯភ្លៀងធ្លាក់ ក៏មិនបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរដែរ។
លោកបានបន្ថែមថា ការងារនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ និងចាត់វិធានការជាបន្តបន្ទាប់ ដោយបានចុះផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងបានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ ឧបករណ៍នានា ដើម្បីឆ្លើយតបរួចរាល់ហើយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋពេលមានស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរណាមួយ ក្រៅពីការជួយពីអាជ្ញាធរមូលដ្ឋានហើយ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានចេញសេចក្ដីជូនដំណឹងពីវិធីបង្ការការពារនៅពេលមានទឹកជន់ដែលបានជួយកាត់បន្ថយផលប៉ះពាល់ នៃគ្រោះទឹកជំនន់ដល់ប្រជាពលរដ្ឋបានច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹក ម៉ោង ៧ ព្រឹក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់។ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ អាចកើតមានឡើងជាយថាហេតុ។
ចំណែកស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្ដាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ផ្ទៃដី ៥៥% នៅទំនាបកណ្ដាល ៥០% នៅតំបន់ខ្ពង់រាប និង ១៥% នៅតំបន់មាត់សមុទ្រ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច