ព័ត៌មានជាតិ
តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
តុលាការកំពូល បានសម្តែងការសោកស្ដាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ នៅក្នុងជម្លោះទាមទារដីទំហំ ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ដោយសារភស្តុតាង អង្គហេតុ និងអង្គច្បាប់ ដែលព្រះចៅអធិការទាមទារដីនោះមិនមានមូលដ្ឋានរឹងមាំ។

ការសោកស្តាយនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល នៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងគោលបំណងបំភ្លឺដល់សាធារណជន និងឆ្លើយតបទៅនឹងបណ្តាញសារព័ត៌មាន និងបុគ្គលមួយចំនួនដែលបានបង្ហោះសារចោទប្រកាន់ថា «តុលាការកំពូលកាត់ក្តីឱ្យមន្ត្រីរំលោភដីវត្តស្ទឹងមានជ័យជាអ្នកឈ្នះក្តីព្រះចៅអធិការ»។
ជុំវិញការចោទប្រកាន់នេះ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ថា នៅក្នុងជម្លោះនេះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រះនាម ថៃ ប៊ុនធឿន បានប្ដឹងទាមទារដីទំហំ ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ពីឈ្មោះ ហុក អៀង ដែលទទួលមរណៈភាព មានកូនជាអ្នកបន្តសិទ្ធិឈ្មោះ អៀង សៀ ដោយអះអាងថា ដីទំនាស់នេះជាដីរបស់វត្តតាំងពីសម័យលន់ណុល។
ចំណែក ភាគីចុងចម្លើយ អៀង សៀ ដែលត្រូវជាកូនរបស់ឈ្មោះ ហុក អៀង បានអះអាងថា គ្រួសាររបស់ខ្លួនបានចូលរស់នៅតាំងពីឆ្នាំ១៩៧៩ តាមការប្រគល់ឱ្យពីអាជ្ញាធរមូលដ្ឋាន និងថាដីនេះមិនមែន ជាដីវត្ត និងដីគ្មានរបងទេ។
ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងសម្រេចតាមសេចក្តីសម្រេចចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ដោយទទួលស្គាល់សិទ្ធិរបស់គ្រួសារចុងចម្លើយឈ្មោះ អៀង សៀ ពោលគឺមិនទទួលស្គាល់សិទ្ធិទាមទាររបស់ ដើមចោទឡើយ ហើយសេចក្តីសម្រេចនេះ ត្រូវបានគណៈកម្មការសុរិយោដីថ្នាក់ជាតិ សម្រេចតម្កល់ តាមសេចក្តីសម្រេចចុះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បន្ទាប់មក ដើមចោទបានប្តឹងតវ៉ាទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិនេះ ត្រូវបានតម្កល់ទុកជាបានការដោយតុលាការគ្រប់ជាន់ថ្នាក់។

ការសម្រេចសេចក្ដីរបស់គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ និងថ្នាក់ជាតិ ព្រមទាំងការសម្រេចសេចក្ដីរបស់តុលាការទាំងបីថ្នាក់ បានលើកយកសំអាងហេតុច្បាស់លាស់ ដោយផ្អែកលើ ភស្តុតាងជាច្រើន ដែលសន្និដ្ឋានបានថា ឈ្មោះ ហុក អៀង ជាឪពុករបស់ឈ្មោះ អៀង សៀ បានចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន លើដីទំនាស់ដែលកាលនោះជាដីព្រៃដុះស្មៅ តាមការប្រគល់ឱ្យរបស់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ ហើយដីនេះជាដីអតីតប៉ុស្តិ៍ប៉េអឹម ប៉ុស្តិ៍ប៉ូលិស និងសាលាសង្កាត់លេខ៩ពីសង្គមចាស់ មុនឆ្នាំ១៩៧៥ ដោយពុំពាក់ព័ន្ធនឹងដីវត្តឡើយ។
យ៉ាងណាមិញ ព្រះគ្រូចៅអធិការ និងគ្រូសូត្រស្តាំ វត្តស្ទឹងមានជ័យ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានធ្វើសន្និសីទមួយ ដោយមានសង្ឃដីកាអះអាងថា ដីដែលព្រះសង្ឃទាមទារនោះ គឺជាដីរបស់វត្តជាយូរមកហើយ និងមានឯកសារដែលជាភស្តុតាងត្រឹមត្រូវ។ ជាមួយគ្នានេះ ព្រះសង្ឃជាង ៣៦០ អង្គ/នាក់ ដែលគង់នៅវត្តស្ទឹងមានជ័យ ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត។
ទោះបែបនេះក្តី បើតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូល វត្តទើបតែធ្វើការជួសជុល និងធ្វើរបងនៅឆ្នាំ១៩៩០ ក្រោយការរស់នៅរបស់ឈ្មោះ ហុក អៀង។ ចំណែកចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែលឈ្មោះ ហុក អៀង រស់នៅជាដីរបស់វត្តទេ ទោះមុន ឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែរ បានឱ្យដឹងថា រឿងនេះត្រូវបានតុលាការកំពូលសម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែ ភាគីដើមចោទចៅអធិការវត្ត ទើបតែលើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលនេះ។
តុលាការកំពូលបានសង្កត់ធ្ងន់ថា ការសម្រេចរបស់ខ្លួនគឺផ្អែកលើភស្តុតាង និងច្បាប់ ហើយមិនមានភស្តុតាងណាមួយដែលបង្ហាញថាដីមានជម្លោះនោះជាកម្មសិទ្ធិរបស់វត្តនោះទេ ខណៈសំណុំរឿងនេះត្រូវបានដោះស្រាយ ហើយការសម្រេចរបស់តុលាការគឺជាស្ថាពរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់