Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូកឆ្នាំនេះ នឹងប្រព្រឹត្តនៅថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា

បានផុស

នៅ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដោយមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្តែងសិល្បៈទាំង៣រាត្រី។ ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ វិស័យឯកជន និងប្រជាពលរដ្ឋចូលរួមរៀបចំពីធីនេះអោយបានអធិកអធម ជាមួយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានអោយបានល្អប្រសើរ អោយស័ក្ដិសមជាបុណ្យប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានៅភ្នំពេញ បានអោយដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ១៤-១៥កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរតាមប្រពៃណីជាតិ ដោយមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្តែងសិល្បៈទាំង៣រាត្រី។

យោងផែនការណែនាំលេខ ១២/២០២៤ គជបអ ចុះថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ ឱ្យបានមហោឡារិក អធិកអធម ស្របតាមប្រពៃណីជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋទាំងអស់ត្រូវ​ លើកទង់ជាតិ ទង់សាសនា ចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព និងទីតាំងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ ឱ្យបានអធិកអធម។​ សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬតាមជញ្ជាំងអគារ ឬដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួនដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភណភាព ឱ្យកាន់តែស្រស់ស្អាត។

២-រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវ ធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូក ង និងទូកបួង “ទូកអុំ និងទូកចែវ” ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកណាដែលមានចំណុះពី ១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូកដែលមានល្បឿនលឿន និងមានលក្ខណៈសមស្រប ព្រមទាំងត្រូវចាត់តាំងរៀបចំប្រវត្តិរូបសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាម អ្នកអុំ-អ្នកចែវឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះ ហែលទឹកស្ទាត់ជំនាញ រួចផ្ញើទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ចាត់តាំងបង្កើតអនុគណៈកម្មការមួយដែលមានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើការណែនាំ អប់រំបំពាក់បំប៉នដល់អ្នកអុំទូក និងអ្នកចែវទូកទាំងអស់ឱ្យយល់អំពីខ្លឹមសារនៃ ព្រះរាជពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិសម្រាប់រដ្ឋបាលខណ្ឌ ដែលមានទូកចូលរួមប្រណាំង។ ត្រូវម្ចាស់ការលើការដោះស្រាយផ្ទាល់ខ្លួន ទាំងខោអាវ មួកសញ្ញាប្រចាំមូលដ្ឋាន និងអង្គភាព (ឯកសណ្ឋានតាមប្រពៃណីកីឡា) និងការហូបចុក រយៈពេល៥ថ្ងៃ ព្រមទាំងដោះស្រាយគ្រប់មធ្យោបាយធ្វើដំណើរទៅមក។ ចំពោះទូកចូលរួមប្រឡងប្រណាំង ត្រូវលាបលន តុបតែងលម្អក្បាច់រចនាឱ្យបានល្អប្រណីត ស្របតាមរចនាបថខ្មែរពិតប្រាកដ។ ជាមួយគ្នានេះ ទូកទាំងអស់ ត្រូវចូលរួមពិធីកាត់ព្រ័ត្រជាដាច់ខាត ដើម្បីចូលរួមសម្តែងអំណរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅមូលដ្ឋានរៀងៗខ្លួន។សហការជាមួយក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង៣ ដើម្បីប្រមូល សម្អាត និងដឹកជញ្ជូន សំរាម ឱ្យបានស្អាត និងទាន់ពេលវេលា ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្រះរាជពិធីបុណ្យ ផ្សព្វផ្សាយឱ្យបានផុលផុសដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងអំឡុងពេល រៀបចំព្រះរាជពិធីបុណ្យ ជាពិសេស ពិធីប្រណាំងទូកនៅតាមដងទន្លេសាប និងពិធីបណ្តែតប្រទីប នៅមុខ ព្រះបរមរាជវាំង។ អំពាវនាវដល់វិស័យឯកជន និងសប្បុរសជនទាំងឡាយដែលមានបំណងចូលរួមឧបត្ថម្ភជា គ្រឿង ឧបភោគបរិភោគ ឬ សម្ភារៈចាំបាច់ផ្សេងៗដែលបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យ និងជារង្វាន់ដល់កីឡាករ កីឡាការិនីទូកអុំ និងទូកចែវ អាចចូលរួមឧបត្ថម្ភតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

៣-មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីរៀបចំទិន្នន័យ ទូករបស់រាជធានីភ្នំពេញសម្រាប់ចូលរួមប្រណាំង និងសម្របសម្រួល ព្រមទាំងត្រៀមសហការជាមួយអាជ្ញាធរ មូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានា ដើម្បីអនុវត្តការងារនេះឱ្យបានល្អប្រសើរ។

៤- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងកម្មវិធីសិល្បៈ ដើម្បីសម្តែងជូនបងប្អូនប្រជាពលរដ្ឋ ទស្សនាកម្សាន្តសប្បាយនៅទីតាំងរមណីយដ្ឋាននានា ឬ ទីតាំងជាក់ស្តែងដែលមានលក្ខណៈសមស្រប។

៥- មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និងតាម ដងផ្លូវឱ្យបានស្អាត ដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ លាងសម្អាតផ្លូវ លាបលន ឬ គំនូសនៅតាម បណ្ដាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានាបរិស្ថាន និងសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និងបង្គន់អនាម័យចល័តនៅរមណីយដ្ឋាន និងទីតាំងសាធារណៈនានា ឱ្យបានគ្រប់គ្រាន់ និងសមស្របតាម ទំហំទីតាំងនីមួយៗ។

៦- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ៖ – ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវរៀបចំតុបតែលម្អភ្លើងពណ៌ ឱ្យបានស្រស់ស្អាត – យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬ បរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ។

យកចិត្តទុកដាក់លើការងារសម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលាកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម ហើយធានាបាននូវអនាម័យ-បរិស្ថានស្អាត។

៧-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ដើម្បីសហការចុះយកព័ត៌មាន និងផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងទូលំទូលាយ និងច្បាស់លាស់អំពីខ្លឹមសារប្រវត្តិ និងសកម្មភាពនានាក្នុងអំឡុងពេលរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

៨- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។

៩- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំព្រះរាជពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងព្រះរាជពិធីបុណ្យ ប្រកបដោយសុវត្ថិភាព និងភាពសប្បាយ រីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្ត ពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម