Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ ជាប់ទោស៥ឆ្នាំឡើងវិញ

បានផុស

នៅ

សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ របួស៤នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសផ្អែកលើច្បាប់ឱ្យជាប់ទោស៥ឆ្នាំឡើងវិញ ដើម្បីពិនិត្យមើលការផ្ដន្ទាទោសនេះស្របតាមច្បាប់ឬនៅ។  សម្ដេចធិបតីបញ្ជាបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅកោះពេជ្រ   នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បញ្ជាបែបនេះ៖«ដើម្បីឱ្យពិតប្រាកដ ព្រោះនេះ(ករណីនេះ)គឺជាត្រូវអនុវត្តន៍ ត្រូវប្ដឹងទៅឧទ្ធរណ៍ សុំឱ្យប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ឱ្យគោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្ដឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះ ធ្ងន់គ្រប់គ្រប់ឬនៅ? ពីព្រោះថាបុកដល់ទៅ៤នាក់ឯណោះ(ស្លាប់)។ តើច្បាប់យើងទម្ងន់គ្រប់គ្រាន់ឬនៅ ព្រោះជាសារសំខាន់ណាស់សម្រាប់អ្នកដែលប្រព្រឹត្តិ(កំហុស)។ អ៊ីចឹងការងារនេះត្រូវពិនិត្យឡើងវិញអ៊ីចឹងសូមលោក កើត រិទ្ធ ប្រគល់ភារកិច្ចជូនអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្ដឹងទៅសាលាឧទ្ធរណ៍តឱ្យពិនិត្យមើលថាតើការសម្រេចនេះ(ការផ្ដន្ទាទោសរបស់សាលាដំបូង)គ្រប់គ្រាន់តាមច្បាប់ជាធរមានឬនៅ?»។

តាមសម្ដេចធិបតី ការពិនិត្យឡើងវិញលើការផ្ដន្ទាទោសគឺមានសារសំខាន់ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសស្រវឹងស្រាបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៤នាក់រងរបួស គឺប៉ះពាល់ច្រើន និងត្រូវធ្វើជាគម្រូដើម្បីដាស់តឿនដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងរួចបើកបរផ្សេងទៀត។

បន្ទាប់ពីពិនិត្យមើលឡើងវិញហើយ ក្នុងករណីទម្ងន់ទោសមិនធ្ងន់សមនឹងកំហុសដែលបាន​ប្រព្រឹត្តិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្ម​ ដើម្បីបង្កើនទម្ងន់ទោសទៅថ្ងៃអនាគត ការពារកុំឱ្យកើតមានបទល្មើសធ្ងន់ធ្ងរបែបនេះតទៅ។

ស្របពេលបច្ចុប្បន្ន ក្រសួងយុត្តិធម៌ កំពុងធ្វើវិសោធនកម្មលើក្រមទាំង៤ សម្ដេចប្រមុខរដ្ឋាភិបាល បញ្ជាឱ្យក្រសួងយុត្តិធម៌ត្រូវតម្លើងកម្រិតទោសចំនួនឆ្នាំជាប់ពន្ធនាគារ ដើម្បីបង្កាកុំឱ្យកើតមានបញ្ហាបទល្មើសច្រំដែល។

​ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័នតុលាការទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើជនល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ដើម្បីបង្កា និងបង្រ្កាបបទល្មើស សំដៅកាត់បន្ថយការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ។

សូមរម្លឹកថា កាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅមនុស្សប្រុសស្រី០៤នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានបុរសម្នាក់ ឈ្មោះ នាង សំអូន បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសដែលបើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 គឺស្ថិតក្នុងស្ថានភាពស្រវឹង កំរិតជាតិអាកុល ០.៥៤ មីលីលីតខ្យល់។

ជាង៨ខែក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែកញ្ញា លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុសស្រី៤ភ្លាមៗ នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម