ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការដំឡើងប្រាក់ឈ្នួលថ្មី ២០៨ ដុល្លារ នឹងជួយលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពកម្មករកាន់តែប្រសើរ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ សម្រាប់ឆ្នាំ ២០២៥ នឹងជួយលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់កម្មករ-និយោជិតបានកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក កត្តា អ៊ន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២៦ កញ្ញា នេះថា «ការដំឡើងប្រាក់ឈ្នួល ២០៨ សម្រាប់បងប្អូនកម្មករ-និយោជិត ២០២៥ គឺជាការចូលរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់កម្មករ-និយោជិត សម្រាប់ចិញ្ចឹមក្រុមគ្រួសារបានល្អប្រសើរជាងមុន បើបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត»។
លោកបានបន្តទៀតថា ជាងនេះទៀត កម្មករ-និយោជិត ទទួលបានការថែទាំសុខភាពតាមរយៈ ប.ស.ស ដែលនិយោជកជាអ្នកបង់ជូនកម្មករ។ ដូចនេះការរួមចំណែកទាំងប្រាក់ឈ្នួលអប្បបរមាថ្មី ទាំងគោលការណ៍ ប.ស.ស គឺជាការលើកកម្ពស់សុខភាពកម្មករ-និយោជិត និងបានកាត់បន្ថយការចំណាយរបស់កម្មករ-និយោជិតបានច្រើន ធ្វើឱ្យពួកគាត់មានកម្លាំងចិត្ត និងកម្លាំងកាយ ក្នុងការបំពេញការងារជូននិយោជក ដើម្បីបង្កើនខ្សែចង្វាក់ផលិតកម្មបានកាន់តែកើនឡើងសម្រាប់ការនាំចេញដែលនឹងជួយលើកស្ទួយសេដ្ឋកិច្ចកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ គឺ ២០៨ ដុល្លារ ក្នុងមួយខែ កើនឡើង ៤ ដុល្លារ ក្នុងនោះត្រីភាគីដែលមានភាគីសហជីព ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល បានឯកភាពដំឡើង ២ ដុល្លារ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែម ២ ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ ដុល្លារ ក្នុង ១ ខែ ខណៈក្នុងឆ្នាំ ២០២៤ នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមាដែលគិតជាប្រាក់ដុល្លារអាមេរិក នៃប្រទេសមួយចំនួន មិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួល នៃអត្រាប្ដូរប្រាក់ នៃប្រទេសទាំងនោះ។
ការដំឡើងប្រាក់ឈ្នួលបន្ថែម ៤ ដុល្លារ ស្មើនឹង ២០៨ ដុល្លារ ដែលនឹងអនុវត្តនៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ