ព័ត៌មានជាតិ
សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ
ការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅឱ្យភាគីឡាវ និងវៀតណាមឡើយ។ សម្ដេចធិបតី បញ្ជាក់ថា តាមរយៈអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំង៣នៃកិច្ចសហប្រតិបត្តិការនេះ គឺប្រទេសទាំង៣ មានសិទ្ធិរៀងៗខ្លួនក្នុងការប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដោយគ្រាន់តែជូនដំណឹងផ្នែកការទូតឱ្យបាន៦ខែមុនជាការស្រេច។
ការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួនបានសម្ដែងការព្រួយបារម្ភ និងបានលើកឡើងថា នៅពេលកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺត្រូវបង់ថវិការាប់ពាន់លានទៅឱ្យប្រទេសជាដៃគូក្នុងកិច្ចសហប្រតិបត្តិការនេះ គឺប្រទេសឡាវ និងវៀតណាម។
តបនឹងការលើកឡើងនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា «តាម MOU ប្រទេសទាំង៣នេះ ប្រទេសណាក៏មានសិទ្ធិដកដែរ ដោយគ្រាន់ជូនដំណឹងទៅភាគីផ្សេងទៀត តាមរយៈមធ្យោបាយការទូត ៦ខែមុន ថ្ងៃទី២០នេះ យើងបានជូនដំណឹងហើយ ក្រសួងការបរទេសជូនដំណឹងទៅវៀតណាម និងឡាវរួចហើយ….គ្មានជំពាក់ពីណាមួយរៀលទេ ជាសិទ្ធិរបស់យើង»។
ដូច្នេះ ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV-DTA កម្ពុជា មិនបានចំណាយប្រាក់ទៅឱ្យប្រទេសឡាវ និងវៀតណាម ដូចការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួននោះទេ។ សម្តេចធិបតី បញ្ជាក់បន្ថែមថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ CLV-DTA គឺកម្ពុជាបានឈានដល់គោលដៅរបស់ខ្លួនហើយ ហើយពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងៗខ្លួន។
តែយ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចអភិវឌ្ឍនៅខេត្តភូមិភាគឦសាន មិនបានដកថយនោះឡើយ បើទោះបីជាកិច្ចសហប្រតិបត្តិការ CLV ត្រូវបានបញ្ចប់ក៏ដោយ ក៏ប៉ុន្តែកិច្ចអភិវឌ្ឍនៅខេត្តទាំង៤ នៅភាគឦសានរបស់កម្ពុជា នៅតែបន្តធ្វើ ដោយភាពម្ចាស់ការ ជាពិសេសការសម្រេចឱ្យចប់ទាំងស្រុងលើកិច្ចការបោះបង្គោលព្រំដែន និងស្ថាបនាផ្លូវក្រវាត់ព្រំដែន។
គួរជម្រាបថា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់មាត្រា២២ បានឱ្យដឹងថា ក្នុងករណីភាគីមួយសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវជូនដំណឹងជាមុនទៅភាគីដទៃទៀតជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល ៦ខែ តាមផ្លូវការទូត ហើយភាគីពីរផ្សេងទៀត អាចអនុវត្តកិច្ចព្រមព្រៀងនេះបន្ត។ ផ្អែកលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រមុខការទូតនៃកម្ពុជា លោក សុខ ចិន្តាសោភា បានផ្ញើលិខិតផ្លូវការទៅកាន់ប្រមុខការទូតឡាវ និងវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង