ព័ត៌មានជាតិ
ការចុះបញ្ជីអត្រានុកូលដ្ឋាន ប្ដូរពីចុះបញ្ជីដោយដៃទៅជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល និងថែមទាំងបានធ្វើទំនើបកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តន៍ថ្មីលើការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

នេះជាការលើកឡើងរបស់ លោក កើត ឆែ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្ដុះបណ្ដាលស្ដីពីការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិ-អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់» នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ សំដៅពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋ។ ការងារអត្រានុកូលដ្ឋាន គឺជាការងារចម្បងអាទិភាពមួយ ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ដើម្បីរៀបចំកំណត់ត្រាបញ្ជីអត្រានុកូលដ្ឋានមួយមានភាពសុក្រឹត ត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងនូវកំហុសទិន្នន័យរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាចយកបញ្ជីអត្រានុកូលដ្ឋាន ដើម្បីផលិតជារបាយការណ៍ស្ថិតិអត្រានុកូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងការកសាងនូវផែនការ និងគោលនយោបាយសេដ្ឋកិច្ច-សង្គម។

លោក កើត ឆែ បន្តថា ផលអវិជ្ជមាន នៃអត្រានុកូលដ្ឋានរបស់ប្រទេសកម្ពុជានាពេលកន្លងមក គឺកើតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្គ្រាមស៊ីវិល។ កម្ពុជា បានរៀបចំកំណត់ត្រាបញ្ជីអត្រានុកូលដ្ឋានឡើងវិញនាឆ្នាំ ២០០០ បន្ទាប់ពីប្រទេសជាតិមានសន្តិភាពពេញលេញ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តពូនជ្រំ-ថែរក្សាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក កើត ឆែ បានបញ្ជាក់ថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មបានចូលជាធរមាន កាលពីខែកក្កដា ឆ្នាំ ២០២៤ ច្បាប់នេះមានគោលបំណងមិនត្រឹមតែកំណត់អំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារអត្រានុកូលដ្ឋានដែលមានភាពសាមញ្ញ ងាយស្រួល និងបត់បែនទៅតាមបរិបទ នៃសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើទំនើបកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តន៍ថ្មីលើការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

លោកបញ្ជាក់ទៀតថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីនឹងបានយល់ច្បាស់អំពីទម្រង់ បែបបទ និងនីតិវិធី នៃការកត់ត្រាការងារអត្រានុកូលដ្ឋាន ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រជាពលរដ្ឋគ្រប់រូបមានឯកសារអត្រានុកូលដ្ឋាន ស្របតាមគោលបំណង នៃច្បាប់ថ្មី ដែលបានបញ្ញត្តថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់, ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើន នៃសង្គម។
លោកបានអះអាងថា ការខិតខំត្រងត្រាប់ស្តាប់ រៀនសូត្រ ពីវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីនឹងទទួលបានបុណ្យកុសលធំណាស់ ដោយពេលយើងបានចេះដឹងពីការរៀនសូត្រនេះហើយ នឹងយកចំណេះដឹងនេះទៅបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលើការផ្ដល់សេវាអត្រានុកូលដ្ឋាននេះ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ