ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា បញ្ជាក់ពីភាពចាំបាច់ការគោរពច្បាប់អន្តរជាតិ សំដៅរក្សាសណ្តាប់ធ្នាប់ពិភពលោក
ដើម្បីធានាសណ្ដាប់ធ្នាប់ពិភពលោក ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់គោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន។ លោក បានលើកឡើងពីភាពចាំបាច់នូវគោលការណ៍អន្តរជាតិ ដែលជាឆ្អឹងខ្នងនៃសណ្តាប់ធ្នាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការកណ្ដាលនៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្តល់អាទិភាពដល់យន្តការការទូត និងការសម្រុះសម្រួលគ្នាក្នុងការដោះស្រាយជម្លោះ ព្រមទាំងបានលើកឡើងអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងជាង៩ពាន់នាក់ ដើម្បីគាំទ្រប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីឆ្នាំ២០០៦មក។
ប្រាប់ទៅកាន់អង្គប្រជុំ ក្រោមវត្តមានដឹកនាំរបស់លោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសរំលេចបន្ថែមថា ដោយសារការរក្សាបាននូវសន្តិភាព កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានដ៏ល្អទៅលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការកាត់បន្ថយភាពក្រីក្រ ការផ្តល់ការអប់រំ និងការថែទាំសុខភាពប្រកបដោយគុណភាព ការបង្កើតការងារ ការជំរុញកំណើន និងដំណោះស្រាយការប្រែប្រួលអាកាសធាតុ។

ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថា ការរីកសាយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិ។ លោក បានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមគ្នា ក្នុងការពារសេចក្តីត្រូវការ និងផលប្រយោជន៍របស់យុវជន និងមនុស្សជំនាន់ក្រោយ ព្រមទាំងសារសំខាន់នៃភាពជាដៃគូអន្តរជំនាន់ ស្របតាមសេចក្តីប្រកាសសម្រាប់មនុស្សជំនាន់ក្រោយ។
គួរជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ។ កិច្ចប្រជុំកំពូលនេះដឹកនាំដោយលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ហើយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ