ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តកម្មករប្រើរថយន្តក្រុងជាមធ្យោបាយធ្វើដំណើរទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់កម្មករ-និយោជិតប្រើប្រាស់រថយន្តក្រុងជាមធ្យោបាយក្នុងការធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ កញ្ញា នេះថា «ប្រសិនបើបងប្អូនកម្មករ-និយោជិតណាមិនមានមធ្យោបាយធ្វើដំណើរទេ គួរតែធ្វើដំណើរតាមរថយន្តក្រុងដែលសាលារាជធានីភ្នំពេញបានរៀបចំជូនប្រមាណ ៤៩៧ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីតាមបណ្តាខេត្តនានា ត្រឡប់មកភ្នំពេញវិញ ពេលចប់ពិធីបុណ្យភ្ជុំ»។
ដើម្បីសម្រួលដល់ការចំណាយប្រជាពលរដ្ឋ កម្មករ-និយោជិត ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤៩៧ គ្រឿង ដើម្បីដឹកពួកគាត់ពីភ្នំពេញ ទៅតាមគោលដៅនានាតាមបណ្ដាខេត្ត។

ការដឹកជញ្ជូន នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយមិនយកប្រាក់សូម្បីមួយរៀលពីពលរដ្ឋឡើយ។ ក្នុងនោះ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០ គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រលប់មកភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥ គ្រឿង។
ទន្ទឹមនឹងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយកុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក កត្តា អ៊ន បានអំពាវនាវដល់កម្មករ-និយោជិត សូមធ្វើដំណើរវិលត្រឡប់ទៅលំនៅឋាននៅស្រុកកំណើតជួបជុំក្រុមគ្រួសារទទួលបានសុខសប្បាយរីករាយ សុខសុវត្ថិភាព បើកបរត្រូវប្រុងប្រយ័ត្ន កុំវ៉ាជែង កុំល្មើសល្បឿន បើកបរដោយយោគយល់គ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយពុទ្ធសាសនិក តែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាមនានាផងដែរ។ តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ក្នុងអំឡុងពេល ១៥ ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺត្រូវតែទៅវត្តឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយ មិនអាចខកខានបានឡើយ ពិសេសថ្ងៃ ១៥ រោច ដែលជាថ្ងៃបង្ហើយ ដែលគេហៅថា “ភ្ជុំបិណ្ឌ”៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី