Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តក្រចេះ ត្រៀមរួចជាស្រេចដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋពេលទឹកជំនន់កើតឡើង

បានផុស

នៅ

មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តក្រចេះ បានត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឲ្យទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងនាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ដែលជាសេនាធិការឲ្យលោកអភិបាលខេត្ត និងរដ្ឋបាលខេត្ត ដោយមានការចង្អុលបង្ហាញណែនាំរបស់លោក វ៉ា ថន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅក្នុងការត្រៀមបម្រុង និងការពារអន្តរាគមន៍នូវគ្រោះទឹកជំនន់នៅរដូវវស្សានេះ មន្ទីរសុខាភិបាលបានរៀបចំផែនការជាបីដំណាក់កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ដំណាក់កាលទី១ គឺដំណាក់កាលត្រៀមមុននឹងមានគ្រោះទឹកជំនន់។ ដំណាក់កាលទី១នេះ គឺមន្ទីរសុខាភិបាល បានរៀបចំប្រជុំ រៀបចំផែនការដូចជា ត្រៀមបម្រុងតម្រូវការឱសថ សម្ភារៈបរិក្ខាពេទ្យ ត្រៀមរថយន្ត​គិលានសង្គ្រោះ ត្រៀមបុគ្គលិក មន្ត្រីរាជការ ដើម្បីចូលរួមសង្គ្រោះនៅក្នុងកិច្ចអន្តរាគមន៍នៅពេលណាដែលគ្រោះទឹកជំនន់នេះកើតឡើងជាយថាហេតុ។

ដំណាក់កាលទី២ គឺមន្ទីរបានត្រៀមផែនការនៅក្នុងដំណាក់កាលនៃទឹកជំនន់ ហើយលោកសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គខាងលើបង្កឲ្យមានជំនន់ទឹកភ្លៀង និងក្នុងអាងទន្លេមេគង្គឃើញថា ហក់ឡើងខ្ពស់។ ជាក់ស្ដែងនៅខេត្តក្រចេះ មន្ទីរសុខាភិបាល បានសហការតាមដានជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តខេត្ត ជារៀងរាល់ថ្ងៃ។ អញ្ចឹងនៅក្នុងនេះ ដែលមានភ្លៀងធ្លាក់ហើយបង្កឡើងប៉ុន្មានថ្ងៃ គឺមន្ទីរសុខាភិបាលខេត្ត បានចូលរួមចំណែកនៅក្នុងការចុះអន្តរាគមន៍ជាមួយថ្នាក់ដឹកនាំ និងមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរបានចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ឲ្យគាត់ត្រៀមបង្ការយ៉ាងម៉េចឲ្យជៀសផុតអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយ​សារទឹកជំនន់ ដូចជា ឲ្យគាត់បរិភោគអាហារអនាម័យ អនាម័យទឹកស្អាត ហើយអប់រំកូនចៅកុំឲ្យទៅតំបន់គ្រោះថ្នាក់ ហើយមន្ទីរក៏បានចុះចែកថ្នាំ ក្លូរ៉ូមីន ដល់ប្រជាពលរដ្ឋដើម្បីឲ្យគាត់យកទៅសម្លាប់មេរោគនៅក្នុងទឹក។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្ត ក៏បានត្រៀមនូវមុងត្រលក់ថ្នាំដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលគាត់ទៅរស់នៅឡើទីទួលសុវត្ថិភាព។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺមន្ទីរបានចូលរួមជាមួយរដ្ឋបាលខេត្ត ចែកមុងច្រលក់ថ្នាំដល់ប្រជាពលរដ្ឋចំនួន ៤៧គ្រួសារហើយ ។

លោក ងី ប៊ុនឡែន បានបញ្ជាក់បន្ថែមថា ដំណាក់កាលទី៣ គឺមន្ទីរត្រៀមបម្រុងក្រោយទឹកជំនន់ លោកគិតថា នឹងអាចមានជំងឺឆ្លងខ្លះ និងកើតឡើងដល់ប្រជាពលរដ្ឋ។ ដូច្នេះមន្ទីរបានត្រៀមឱសថមួយចំនួន និងត្រៀមបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ដើម្បីចុះអប់រំព្យាបាលទៅដល់ភូមិដ្ឋានប្រជាពលរដ្ឋដែលទទួលការរងគ្រោះ។

គូសបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍ជលសាស្ត្រ មេគង្គក្រចេះ មានកម្ពស់ ២១.២១ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលម៉ិញ ២១.៤០ម៉ែត្រ ឃើញថា ស្ថានភាពទឹកនៅដងទន្លេមេគង្គក្រចេះ មានការស្រកចុះជាបណ្តើរៗ ទោះបីជាការស្រកចុះនេះមានសភាពយឺតក៏ដោយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម