ព័ត៌មានជាតិ
រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ
តំណាងតំបន់រមណីយដ្ឋានឆ្មាបាត់ និងរីស៊តនៅខេត្តកោះកុង អះអាងថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្ត នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយបំពេញសេវាមិនឱ្យខកបំណងឡើយ។

ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងខេត្តកោះកុង គេសង្កេតឃើញថា តំបន់រមណីយដ្ឋានឆ្មាបាត់ និងរីស៊តនៅខេត្តកោះកុង កំពុងតែសម្រិតសម្រាំងស្អាតសោភណភាពបរិស្ថានអនាម័យឱ្យកាន់តែទាក់ទាញសម្រាប់ការទទួលភ្ញៀវទេសចរគ្រប់ទិសទី នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។
ប្រាប់ កម្ពុជាថ្មី លោក មឿន សូរ៉េន អ្នកចាត់ការទូទៅនៅរីស៊តកោះកុង រៀបរាប់នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ថា ភោជនីយដ្ឋានឆ្មាបាត់ និងនៅរីស៊ត បានបង្កើតឡើងជាង ២ ឆ្នាំ មកហើយ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកោះកុង ខណៈខេត្តនេះសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើនគួរឱ្យមកលេងកម្សាន្តលំហែកាយ។ ជាក់ស្តែង តំបន់ទេសចរណ៍របស់លោក ស្ថិតនៅសង្កាត់ស្ទឹងវែង មានចម្ងាយពីក្រុងខេមរភូមិន្ទជាង ៧ គីឡូម៉ែត្រ ងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្តបានតាមតម្រូវការ។

អ្នកចាត់ការទូទៅនៅរីស៊តកោះកុង បន្តថា បច្ចុប្បន្ន ភោជនីយដ្ឋាន និងនៅរីស៊តកោះកុង មានបម្រើសេវាកម្មផ្តល់កន្លែងស្នាក់នៅ ជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ព្រៃកោងកាង ស្ទូចក្តាមថ្ម ស្ទូចត្រី ផ្តល់ជូនអាហារសមុទ្រស្រស់ដ៏ឆ្ងាញ់ ខ្ចុះអង្គុយកម្សាន្ត និងតៀមស្រាបែបបរទេសផងដែរ។
លោក មឿន សូរ៉េន បន្ថែមថា ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គិតមកទល់ពេលនេះ មានភ្ញៀវកក់បន្ទប់ស្នាក់នៅកម្សាន្តជាង ៤០ ភាគរយហើយ ភាគច្រើនជាអ្នកទេសចរក្នុងស្រុកមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ ចំពោះតម្លៃសេវាកម្មវិញ មិនដំឡើងថ្លៃនោះទេ ពោលគឺរក្សាគុណភាព សុវត្ថិភាព និងបញ្ចុះតម្លៃជូនអ្នកទេសចរគ្រប់មជ្ឈដ្ឋាន។

បើតាមអ្នកចាត់ការទូទៅនៅរីស៊តកោះកុង ក៏បានអំពាវនាវដល់អ្នកទេសចរទាំងអស់ មេត្តាអញ្ជើញមកលេងកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួនគ្រប់រដូវកាលបាន ដោយត្រឡប់ទៅលំនៅឋានប្រកបដោយសុវត្ថិភាពល្អ និងរំសាយអស់ទុក្ខកង្វល់នានា ដើម្បីបំពេញការងារអាជីវកម្មកាន់តែរីកចម្រើនបន្ថែមទៀត។
ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ លោក សាគុណ ភក្តី ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ បានចេញសេចក្ដីជូនដំណឹងមួយដល់គ្រប់សេវាករ ប្រតិបត្តិករ និងតំបន់រមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកោះកុង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ គុណភាពចំណីអាហារ ជាពិសេសកុំលួចដំឡើងថ្លៃហួសកំណត់ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។

លោក សាគុណ ភក្តី មើលឃើញថា លំហូរទេសចរ នឹងអាចមកលេងកម្សាន្តកាន់តែច្រើននៅតាមតំបន់ទេសចរណ៍ក្នុងខេត្ត ប្រសិនបើកំណាត់ផ្លូវជាតិលេខ ៤៨ ស្ថាបនារួចរាល់តាមផែនការកំណត់ ប៉ុន្តែនៅពេលនេះទេសចរ នឹងបោះគោលដៅទៅលេងនៅតំបន់រមណីយដ្ឋានស្រុកស្រែអំបិល ព្រោះទីនោះក៏មានរមណីយដ្ឋានថ្មីទើបបង្កើត និងងាយស្រួលធ្វើដំណើរដោយផ្លូវជាតិលេខ ៤។
ទោះយ៉ាងណា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នៅទីរួមខេត្តកោះកុង នឹងមានទេសចរផងដែរ មកពីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ប្រសិនបើពួកគាត់មានបំណងមកលេងដោយធ្វើដំណើរតាមផ្លូវជាតិលេខ ១០ ខណៈស្ថាបនាបានជិត ៨០ ភាគរយហើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ








-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច