ព័ត៌មានជាតិ
ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍
បឹងទន្លេសាប ជាបឹងដ៏មានសារៈសំខាន់នៅកម្ពុជា។ វាមានផ្ទៃទឹកធំល្វឹងល្វើយ និងជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។ បឹងនេះបានផ្ដល់ជាជម្រកដល់ជីវៈចម្រុះយ៉ាងសម្បូរបែប និងផ្តល់ជាប្រយោជន៍ដល់ការនេសាទ និងដំណាំរបស់ពលរដ្ឋដែលរស់នៅតាមបណ្តោយបឹងទន្លេសាប។ នៅកម្ពុជា បឹងនេះត្រូវបានគេបែងចែកជាបឹងធំ បឹងតូច និងវាលភក់។

បឹងទន្លេសាប មានទិដ្ឋភាពដូចជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា។ តែផ្ទុយទៅវិញ នៅរដូវប្រាំងបឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០.៨០ ម៉ែត្រ ដល់ ២ម៉ែត្រជាមធ្យម។
ចាប់ពីខេត្តកំពង់ឆ្នាំង ជាពិសេសនៅតំបន់វាលភក់ជំរៅទឹកចុះជាលំដាប់ រហូតដល់នាវាចរត្រូវបានហាមឃាត់លើកលែងតែទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរជាច្រើន ផ្ទៃទឹកព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់ ១៤ ម៉ែត្រ គឺខុសគ្នា ១០ ម៉ែត្រយ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង គឺពេលនោះហើយដែលនាវាដែលមានចំនុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាបបាន។
ទន្លេសាប ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣ ០០០ គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១០ ០០០ គីឡូម៉ែត្រការ៉េនៅរដូវវស្សា។

នៅរដូវប្រាំង បឹងទន្លេសាបមានបណ្តាយប្រហែល ១៥០ គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២ គីឡូម៉ែត្រ និងផ្ទៃទំហំ ៣ ០០០ គីឡូម៉ែត្រការ៉េ។
បឹងទន្លេសាបចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់។ បឹងធំមានបណ្តោយ ៧៥ គីឡូម៉ែត្រ និងទទឹង ៣៥ គីឡូម៉ែត្រ។ បឹងតូចមានបណ្តោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨ គីឡូម៉ែត្រ។ វាលភក់ជាវាលមួយធំធេងប្រកបដោយកូនកោះទាបៗ សម្បូរខ្សាច់និងរុក្ខជាតិក្រិនៗ។
ដៃបឹងទន្លេសាបមានដូចជា÷
ដៃបឹងទន្លេសាបខាងស្តាំដូចជា៖
-ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ ដងស្ទឹងស្រែងកណ្តាល ស្ថិតជាព្រំប្រទល់រវាង ខេត្តបាត់ដំបងនិងខេត្តសៀមរាប។
-ស្ទឹងសៀមរាប និងស្ទឹងរលួស ជាកូនស្ទឹងពីរដែលមាននប្រភពមកពីភ្នំគូលែន។ ស្ទឹងសៀមរាបហូរកាត់ក្បែរប្រាសាទអង្គរវត្ត ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍។
-ស្ទឹងជីក្រែង និង ស្ទឹងស្ទោង ដែលហូរចាក់នៅតំបន់វាលភក់ឬទន្លេឆ្មារ។
-ស្ទឹងសែន ដែលហូរចុះមកពីជួរភ្នំដងរែកមានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាត់។ ស្ទឹងសែនមានបណ្តោយ ៤៥០ គីឡូម៉ែត្រ ហើយបតបែនជាភ្នេនយ៉ាងច្រើនមុនមកដល់ខេត្តកំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ។
-ស្ទឹងជីនិតរីកធំដោយសារទឹកស្ទឹងតាំងក្រសាំង និងស្ទឹងពង្រងហូរចាក់មកស្ទឹងនេះហូរចាក់ទៅក្នុងវាលភក់ដោយឆ្លងកាត់កំពង់ថ្ម។
ដៃបឹងទន្លេសាបខាងឆ្វេងមានដូចជា៖
-ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវកម្ពស់ ១៤៧០ ម៉ែត្រ នៅប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម៉ែត្រ ប្រទេសកម្ពុជា) មុននឹងហូរចាក់មកបឹងទន្លេសាប។
-ស្ទឹងមោង ហូរពីភ្នំទឹកព្រិល (១ ៤២៥ ម៉ែត្រ) កាត់ស្រុកមោង។
-ស្ទឹងស្វាយដូនកែវ ហូរកាត់ភូមិស្វាយដូនកែវ។
-ស្ទឹងពោធិសាត់ មានប្រភពពីភ្នំខ្មោច (១ ៤២៥ ម៉ែត្រ) ជាស្ទឹងប្រកបដោយរបបបៀបបានទឹកជ្រោះ ដែលអាចបណ្តាលឱ្យមានទឹកជំនន់។
-ស្ទឹងបរិបូរ ហូរកាត់ច្រកបរិបូរនៅខេត្តកំពង់ឆ្នាំង។
-ស្ទឹងជ្រៀវហូរកាត់ឧដុង្គ។
-ស្ទឹងព្រែកត្នោត កើតមកពីអូរជាច្រើន ដែលហូរមកពីភ្នំឱរ៉ាល់ និងប្រជុំភ្នំអូរម្លូ។ ស្ទឹងនេះហូរកាត់ខេត្តកំពង់ស្ពី និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
-ស្ទឹងតាកែវ ហូរប្រសព្វនឹងទន្លេបាសាក់ត្រង់មាត់ជ្រូក។


អត្ថប្រយោជន៍នៃបឹងទន្លេសាប៖
ទន្លេសាប និងដៃទាំងអស់រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍។ នៅរដូវវស្សាបឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយបើកក្តោង។ រីឯស្ទឹងមានកប៉ាល់តូចៗនិងទូកប៉ុកចាយដែលមានចំណុះមិនលើសពី ១០០ តោន។
នៅរដូវប្រាំងក្នុងបឹងទន្លេសាប គេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំ គឺជាមជ្ឈមណ្ឌលត្រីធំជាងគេនៅលើពិភពលោកពីព្រោះទីនោះមានព្រៃលិចទឹក ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ។
មិនតែប៉ុណ្ណោះ បឹងទន្លេសាបក៏ជាទីជំរកដល់បក្សាបក្សីជាច្រើនប្រភេទផងដែរ ព្រមទាំងការនេសាទត្រីរបស់ប្រជាជនខ្មែរ។

ក្រៅពីការទទួលទឹកជំនន់ទន្លេមេគង្គ បឹងនេះបានស្រូបយកទឹកពីតំបន់ខ្ពង់រាបនានាដែលស្ថិតនៅជុំវិញ។ ពេលទឹកហូរធ្លាក់មកកាន់បឹងទន្លេសាប ប្រាកដណាស់គឺហូរនាំទាំងដី ទាំងល្បាប់ ទៅចាក់បំពេញបឹងទន្លេសាប ដែលកត្ដានេះអាចធ្វើឱ្យបឹងដ៏ធំនេះ ងាយគោករាក់ជាទីបំផុត។ ប៉ុន្ដែអ្វីដែលជាលក្ខណៈពិសេសនោះ គឺព្រៃលិចទឹកនៅជុំវិញបឹងនេះឯង ដែលបានដើរតួនាទីជាតម្រងត្រងច្រោះយកដី និងល្បាប់នោះមួយភាគធំមិនឱ្យហូរធ្លាក់ចូលទៅបឹងទន្លេសាប។ ដូចនេះបើព្រៃលិចទឹកត្រូវបានបំផ្លាញអស់ តើក្នុងមួយឆ្នាំៗមានដី និងល្បាប់ប៉ុន្មានហូរចូលទៅបឹងទន្លេសាប?
ចុះបើបឹងទន្លេសាបគោករាក់ តើមាឌទឹកបឹងទន្លេសាបប្រមាណ ១៣៥ ០០០ លានម៉ែត្រគូប នៅរដូវវស្សានោះយកទៅទុកនៅឯណា? តើពេលនោះ ប្រទេសកម្ពុជានឹងមានស្ថានភាពដូចម្ដេច?

ការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង បានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងបានជួបប្រទះ។
បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា ៖ មច្ឆាជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិគ្រប់ប្រភេទ។
ជីវសាស្ដ្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន៖ មច្ឆាជាតិ ១៧៥ ប្រភេទ ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ