Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ ឱ្យនគរបាលខេត្តស្ទឹងត្រែងបន្តពង្រឹងសន្តិសុខតាមព្រំដែន សំដៅទប់ស្កាត់បទល្មើសឆ្លងដែន

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ប្រាប់កម្លាំងនគរបាលខេត្តស្ទឹងត្រែងបន្តពង្រឹងសន្តិសុខនៅតាមព្រំដែន ជាពិសេសសហការឱ្យបានជិតស្និទ្ធជាមួយប្រទេសជិតខាង សំដៅបង្ក ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា ដោយសារខេត្តស្ទឺងត្រែងមានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។

ការណែនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការ បានធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ស ថេត បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលកន្លងមកបានបំពេញការងារក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឱ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញដែលកំពុងបំពេញការងារប្រចាំថ្ងៃ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗដែលបានកើតឡើង ជាពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម