ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញនឹងយកគំរូនៃគម្រោង«ភូមិ១៥នាទី» នៅទីក្រុងប៉ារីស មកអនុវត្តនៅកម្ពុជា
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានស្នេីសុំលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងយកគំរូនៃគម្រោង «ភូមិ១៥នាទី» នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ មកសាកល្បងអភិវឌ្ឍនៅរាជធានីភ្នំពេញ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-03_10-10-12-1024x682.jpg)
ការស្នើពីសំណាក់លោក ឃួង ស្រេង បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា២០២៤នេះថា៖ ក្នុងជំនួបភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-03_10-10-13-1024x682.jpg)
លោកស្រីអាន អ៊ីដាល់ហ្គោ បានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីងលើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។
អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហាបរិស្ថាន៖ ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-03_10-10-17-1024x682.jpg)
លោកស្រី អាន អ៊ីដេហ្គោ អភិបាលទីក្រុងប៉ារីស បានលើកឡើងថា៖ ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ ហូរចូល លាយឡំ ទឹកភ្លៀងនិងទឹកស្អុយនៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនេះផងដែរ លោកស្រី អភិបាលក្រុងប៉ារីសក៏បានអញ្ជេីញលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងគណៈប្រតិភូដេីម្បី អញ្ជើញ ទស្សនា ផ្ទាល់ នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយលោកអភិបាល ក៏បានឯកភាព លេីការ អញ្ជើញនេះដែរ។
ជាមួយគ្នានេះ លោកស្រីអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង «ភូមិ១៥នាទី» នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-03_10-10-14-2-1024x682.jpg)
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាការឆ្លើយតបក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ បានសម្តែងការចាប់អារម្មណ៍ពីសារៈសំខាន់ នៃគម្រោងនេះ ហេីយលោកបានស្នេីសុំលោកស្រីអភិបាលក្រុងប៉ារីសដេីម្បីយក គំរូនៃគម្រោងនេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។
ជារួមភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្ត រួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា៖ កាលពីម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច