ព័ត៌មានជាតិ
បុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្តជិត១,៨ លាននាក់ ថយចុះ១០ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដោយគិតចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ១,៨ លាននាក់ បានដើរលេងតាមកន្លែងកម្សាន្ត និងគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ក្នុងនោះភ្ញៀវទេសចរអន្តជាតិជិត ៤ម៉ឺននាក់។ ចំនួនភ្ញៀវទេសចរឆ្នាំ ២០២៤ មានការថយចុះ ១០ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រៀបចំដោយនាយកដ្ឋានស្ថិតិទេសចរណ៍។

របាយការណ៍ដដែលបានលើកឡើងពីរាជធានី-ខេត្ត ចំនួន៥ ដែលបានទាក់ទាញភ្ញៀវទេសចរច្រើនជាងគេគឺ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់ ខេត្តសៀមរាបជាង ១៧ម៉ឺននាក់ ខេត្តព្រះសីហនុ ជាង ១៦ម៉ឺននាក់ ខេត្តកំពង់ឆ្នាំង ជាង ១៥ម៉ឺននាក់ និងខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ១២ ម៉ឺននាក់។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរាយការណ៍ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាកម្សាន្តតាមក្នុងខេត្តនេះមានជាង ២១ ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើង ១.៥៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។

អុ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានថ្លែងប្រាប់កម្ពុជាថ្មីថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីប្រពៃណីជាតិខ្មែរ មានស្ថានភាពល្អប្រសើរ ដោយពលរដ្ឋបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាប្រកបដោយបរិយាកាសរីករាយ បើទោះបីជាភ្ញៀវទេសចរដើរលេងថយជាងឆ្នាំមុនបន្តិចក្តី។ លោកថ្លែងថា៖«ស្ថានភាពទូទៅមានលក្ខណៈល្អប្រសើរគ្រប់គោលដៅទេសចរណ៍ទាំងអស់ក្នុងក្របខណ្ឌទូទាំងប្រទេស បងប្អូនប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយក្នុងបរិយាកាសដែលមិនមានបញ្ហាអ្វីធំដុំទេ»។
បើតាមលោក តុប សុភ័ក ភ្ជុំបិណ្ឌឆ្នាំ ២០២៤ មានប្រជាពលរដ្ឋ និងទេសចរណ៍ ដើរលេងកម្សាន្តជិត ១,៨ លាននាក់ មានការថយចុះជិត១០ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានទេសចរដើរលេង ១,៩ លាននាក់។
គួរជម្រាបថា គោលដៅទេសចរណ៍ ត្រូវបានបែងចែកជាតំបន់វប្បធម៌ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ តំបន់បាត់ដំបង និងតំបន់ផ្សេងៗ។

ភ្ជាប់ជាមួយទេសចរណ៍នេះដែរ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក Guinness world records ក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។
ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ Gumball 3000 ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅធំ ៤ គឺដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា; ជាយុទ្ធនាការ សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យកុមារអង្គរ និងជាការបើកឱកាសឱ្យវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកបានជួប
គ្នា។
ចំណែកពាក់ព័ន្ធសណ្តាប់ធ្នាប់សាធារណៈវិញ ត្រូវបានលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ អះអាងថា មានលក្ខណៈល្អប្រសើរនៅគ្រប់ទីកន្លែងមិនថានៅតាមវត្តអារាម ឬកន្លែងកម្សាន្តនានា។ ប៉ុន្តែលោកសម្តែងការសោកស្តាយ ចំពោះគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ៣០នាក់ មានការកើនឡើង ៨ នាក់បើធៀបនឹងឆ្នាំមុន៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?