ព័ត៌មានជាតិ
សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»
ភ្នំពេញ ៖ តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើបរីករាយយ៉ាងខ្លាំងដែលកម្ពុជាបានបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះកម្ពុជាបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្តចំនួន ១៧៩គ្រឿង។

លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានបំបែកឯតទគ្គកម្មថ្មីបន្ថែមទៀត ហើយវាគឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា។
មេសហជីពរូបនេះបន្ថែមថា «ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍ Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយនៃកម្ពុជាយើង»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក (Guinness World Records) របស់កម្ពុជាតាមរយៈការតាំងបង្ហាញរថយន្តទំនើបដ៏ធំបំផុតដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាបតាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally។

លោកបន្តថា លើសពីសម្រស់ និងភាពសម្បូរបែបនៃរថយន្តទំនើបៗជាច្រើនគ្រឿងនៃព្រឹត្តិការណ៍ Gumball 3000 គឺព្រឹត្តិការណ៍នេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនលើសលប់រួមមាន កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ពិភពលោកកាន់តែស្គាល់កម្ពុជា ចំណូលសម្រាប់វិស័យសេដ្ឋកិច្ច (ស្នាក់នៅ ហូបចុក ធ្វើដំណើរ ទិញវត្ថុអនុស្សាវរីយ៍) និងឱកាសនៃការវិនិយោគបន្ថែមទៀត។

លោក រ៉ាវី បានបញ្ជាក់ថា «កម្ពុជាអាចចាប់យកឱកាសរៀបចំព្រឹត្តិការណ៍នេះបាន ក៏ដោយសារកម្ពុជាមានសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអ្នកជ្រោមជ្រែងខ្នះខ្នែងយកព្រឹត្តិការណ៍នេះមកកម្ពុជា»។
ទន្ទឹមនឹងនេះ អ្នកស្រី ហង្ស កថា កម្មការិនីរោងចក្រ ស៊ូវៃ ហ្គាមិន បាននិយាយថា អ្នកស្រីចូលរួមអបអរសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការរៀបចំកម្មវិធី រាជរដ្ឋាភិបាល និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបតាមរយៈកម្មវិធី Gumball 3000។

កម្មការិនីរូបនេះថា «តាមរយៈព្រឹត្តិការណ៍នេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន»។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមានកិច្ចសហការពីក្រសួងទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេចធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល