Connect with us

ព័ត៌មានជាតិ

កម្ពុជា ក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំនៃប្រទេសប្រើប្រាស់ភាសាបារាំង(ហ្រ្វង់កូហ្វូនី) ឆ្នាំ ២០២៦

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្រ្វង់កូហ្វូនី) លើកទី២០ នៅឆ្នាំ ២០២៦។ ការជ្រើសរើសបេក្ខភាពកម្ពុជា ត្រូវបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស នៃប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា តបតាមការសូមយាងរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង, ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ១ ខែ តុលា បានយាងទៅប្រទេសបារាំង ដើម្បីថ្លែងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្រោមមូលបទ«ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ហើយកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

សម្រាប់គោលបំណងមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ធ្លាប់លើកឡើងថា ដំណើរ​ឆ្ពោះ​ទៅ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូ​ហ្វូ​នី លើក​ទី ២០ ឆ្នាំ ២០២៦ ដោយ​មានកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ នឹង​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស កម្ពុជា-បារាំង កាន់តែ​ស្អិត​រមួត តាមរយៈ​ការ​បំពេញ​ការងារ​រួមគ្នា ដើម្បី​លើក​ស្ទួយ​សន្តិភាព ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព និង​ភាព​ចម្រុះ​ផ្នែក​វប្បធម៌។

កាលពីខែ មករា ឆ្នាំ ២០២៤ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្បុជា លោកជំទាវល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។

លោកស្រី ក៏បានបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម