ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង គ្រោងធ្វើផ្លូវបេតុងតាមភូមិជុំវិញភ្នំសំពៅ ទាក់ទាញទេសចរជិះកង់កម្សាន្ត
ខណៈដែលរមណីយដ្ឋានភ្នំសំពៅបានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល អាជ្ញាធរខេត្តបាត់ដំបងគ្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាមន៍ជុំវិញតំបន់រមណីយដ្ឋានភ្នំសំពៅ ដើម្បីបង្កើនការទាក់ទាញទេសចរមកកម្សាន្តឲ្យបានច្រើនថែមទៀត។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា តំបន់រមនីយដ្ឋានភ្នំសំពៅក្រោយមានការរៀបចំកែលម្អ ឃើញតួលេខអ្នកទេសចរកាន់តែមានការកើនឡើង ខណៈជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏បានផ្លាស់ប្តូរល្អប្រសើរជាងកាលពីមុន។

ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះឲ្យកាន់ប្រសើរឡើងតាមដែលអាចធ្វើទៅបាន លោក ហម អរុណ បានឲ្យដឹងថា អាជ្ញាធរខេត្តគ្រោងធ្វើផ្លូវបេតុងក្នុងភូមិតាមជើងភ្នំបន្ថែមទៀត ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវបរទេសជិះកង់កម្សាន្តមើលផ្ទះអ្នកភូមិ បានស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង ពិសេសបង្កលក្ខណះដល់អ្នកភូមិបានដឹកជញ្ជូនរាល់កសិផលដាក់តាំងលក់នៅលើទីផ្សារ។
បើតាមមន្រ្តីទេសចរណ៍ខេត្តបាត់ដំបង ក្នុងរដូវអត់ភ្លៀង តំបន់ទេសចរភ្នំសំពៅទទួលបានភ្ញៀវបរទេសប្រមាណចន្លោះពី ១០០ ទៅ ២០០ នាក់ ហើយភ្ញៀវជាតិមានដល់ខ្ទង់ ៣០០ នាក់ក្នុង១ថ្ងៃ។
ដើម្បីរក្សាចងចិត្តទេសចរមកកម្សាន្តកាន់តែច្រើនចង់មកម្តងហើយមកកម្សាន្តម្តងទៀត អាជ្ញាធរបានរៀបចំឲ្យពលរដ្ឋលក់ដូរឲ្យមានរបៀប និងចូលរួមរក្សាថែរក្សាអនាម័យបានល្អប្រសើរ។ បន្ថែមពីនេះក៏ណែនាំដល់អាជីវករលក់ដូរនៅតំបន់នោះឲ្យមានការយល់ដឹងដូចជា រាល់ទំនិញលក់ដូរត្រូវកម្រិតមួយដែលអាចឲ្យអ្នកទេសចរទទួលយកបាន រួមផ្សំការទទួលស្វាគមន៍ដោយសម្តីរួសរាយជាមួយក្រុមភ្ញៀវ ទាំងជនជាតិខ្មែរនិងជនជាតិបរទេស។



“ភ្នំសំពៅ”ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចម្ងាយ ១២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា”វត្តគិរីរម្យ”និងមានល្អាងរូងភ្នំសរុប ១២ ល្អាង ក្នុងនោះរួមមាន ១- ល្អាងផ្កាស្លា ២-ល្អាងគក់ទ្រូង ៣-ល្អាងខ្យល់ ៤-ល្អាងតែងខ្លួន ៥-ល្អាងល្ខោន ៦-ល្អាងជ្រៃ ៧-ល្អាងពេជ្រ ៨-ល្អាងខ្វែង ៩-ល្អា ងប្រេង ១០-ល្អាងស្ថានីយ ឬល្អាងធំ ១១-ល្អាងក្បាលខ្មោច ១២-ល្អាងប្រចៀវ។
ក្នុងចំណោមល្អាងទាំងនេះ គេសង្កេតឃើញតែល្អាងចំនួន ២ ប៉ុណ្ណោះដែលភ្ញៀវនិយមចូលទស្សនានោះគឺ ល្អាងផ្កាស្លា និងល្អាងល្ខោន។
នៅក្បែរភ្នំសំពៅក៏មានចង្កោមភ្នំសំខាន់ៗផ្សេងទៀត ដែលជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ តាំងពីសម័យកាលមុន ក្នុងនោះមានដូចជា រឿងព្រះបាទរាជកុល និងរឿង នាងរំសាយសក់ ជាដើម។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ជាដើម ។
រហូតដល់បច្ចុប្បន្ន “ភំ្នសំពៅ” ត្រូវបានប្រជាជនខ្មែរមើលឃើញថា ជាតំបន់គោលដៅដ៏សំខាន់មួយដែលបានបម្រើដល់ វិស័យទេសចរណ៍របស់ខេត្តបាត់ដំបង ក្នុងចំណោមតំបន់ទេសចរណ៍សរុប ១១៥ ទីតាំង ក្រោយបានធ្វើការអភិវឌ្ឍន៍ និ ងកែច្នៃបន្ថែម ដើម្បីទាក់ទាញចំណាប់អារម្មពីអ្នកទេសចរទាំងក្នុងនិងក្រៅស្រុក រហូតដល់បច្ចុប្បន្នក៏បានល្បីល្បាញគ្រប់ទិសទីធ្វើឲ្យអ្នកទេសចរចង់មកឃើញ និងផ្តិតយករូបភាពដ៏ស្រស់បំពង្រង ជាពិសេសហ្វូងសត្វប្រជៀវ ដែលអ្នកស្រុកហៅតៗគ្នាថា “ហ្វូងទ័ពប្រជៀវ” ដែលជាអ្នកចាប់ផ្តើមទាញអារម្មណ៍ភ្ញៀវដំបូងគេនៅតំបន់ភ្នំមួយនេះ។
ការវិវឌ្ឍន៍ជាបន្តបន្ទាប់នេះ ភ្នំសំពៅបានក្លាយជាតំបន់គោលទៅទេសចរណ៍បែបរមនីយដ្ឋានវប្បធម៌ និង ប្រវត្តិសាស្ត្រ យ៉ាងពេញនិយមសម្រាប់អ្នកទេសចរជាតិ និង អន្តរជាតិ និងបានក្លាយជាតំបន់ដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងប្រសើរដល់ប្រ ជាជនដែលរស់នៅតំបន់នោះ។

ពលរដ្ឋប្រកបមុខរបរផ្សេងៗបានប្រាប់កម្ពុជាថ្មីឲ្យបានដឹងប្រហាក់ប្រហែលគ្នា អ្នកភូមិរស់នៅតំបន់នេះហាក់មានកម្រិតជីវភាពគ្រាន់បើជាងមុន ក្រោយពីតំបន់ភ្នំសំពៅត្រូវបានអភិវឌ្ឍន៍កែច្នៃជាបន្តបន្ទាប់។ កាលពីមុន និងបច្ចុប្បន្នខុសគ្នាឆ្ងាយ ព្រោះកាលពីមុនមានសភាពស្ងាត់ ពលរដ្ឋអត់មានចំណូល សង្ឃឹមលើការដើរសុីឈ្នូលគេក្រៅពីធ្វើស្រែបន្តិចបន្ទួច ហើយខ្លះក៏ទៅចំណាកស្រុកទាំងប្រថុយប្រថានតាមគ្នាឡើងស្ងាត់ភូមិ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងភូមិហាក់មានមុខរបរ និងសេដ្ឋកិច្ចប្រសើរជាងមុនគ្រប់ៗគ្នា។
លោក ចាន់ឌី អ្នកភូមិរស់នៅក្បែរភ្នំសំពៅបានឲ្យដឹងថា លោកលក់តែសាច់អាំងបន្តិចបន្តួច ក៏បានចំណូលគ្រាន់បើដែរក្នុងមួយថ្ងៃៗ។ ពលរដ្ឋមួយរូបទៀត កញ្ញា សុខ លីន បន្ទរថា ក្រោយមានការអភិវឌ្ឍបែបនេះ កញ្ញាចង់ឲ្យមន្ត្រីខេត្តបន្តអភិវឌ្ឃន៍បន្ថែមទៀត។
មិនខុសគ្នានេះដែរ អ្នកស្រី ទេព វណ្ណ ប្រាប់ទាំងសប្បាយចិត្ត ពេលដែលឃើញមានភ្ញៀវមកកម្សាន្ត ជាហូហែរមិនដែលលោះថ្ងៃ ខណៈដំណើរការលក់ដូរបានល្អខុសពីមុនឆ្ងាយ។
សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ