ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ តាំងពីឆ្នាំ២០១៤ ស.ស.យ.ក បានចូលរួមជាមួយក្រសួងអប់រំសម្រួលដល់ការប្រឡងបាក់ឌុបឱ្យកាន់តែប្រសើរ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក បានចូលរួមជាមួយក្រសួងអប់រំតាំងពីក្រសួងចាប់ផ្តើមមានកំណែទម្រង់ប្រឡងបាក់ឌុប ឆ្នាំ២០១៤មកដល់បច្ចុប្បន្ន ដើម្បីជួយសម្រួលកកិច្ចការនានា និងជាចំណែកមួយក្នុងការជួយសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប។

ឯកឧត្តមលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា តាំងពីឆ្នាំ២០១៤ ដែលក្រសួងអប់រំធ្វើកំណែទម្រង់ប្រឡងបាក់ឌុប ស.ស.យ.ក បានជ្រើសរើសយុវជនដែលជាសមាជិកមកបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ រួចក៏បញ្ជូលយុវជននោះទៅតាមបណ្តារាជធានី ខេត្តវិញដើម្បីបង្រៀនដល់សិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប ឱ្យពួកគេមានឱកាសបានរៀនបំប៉នបន្ថែមទៀត នៅចុងសប្តាហ៍ ក្រៅពីថ្នាក់រៀនរដ្ឋជាមួយលោកគ្រូ អ្នកគ្រូ។
ជាបន្តបន្ទាប់មកទៀត ជាពិសេសអំឡុងពេលមានវិបត្តិកូវីដ-១៩ សិស្សមិនអាចទៅរៀននៅសាលាផ្ទាល់បានទេ ដូចនេះ តម្រូវឱ្យមានការរៀនតាមប្រព័ន្ធអនឡាញ ហើយ ស.ស.យ.ក ជាមួយក្រសួងអប់រំក៏បានបង្កើត E-learning App ដែលមានបញ្ចូលមេរៀនទី១២នៅក្នុងនោះ ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការស្វ័យសិក្សាដោយខ្លួនឯងនៅផ្ទះ សម្រាប់ការត្រៀមប្រឡងបាក់ឌុប។

បន្ថែមពីនេះ តាមបទពិសោធកន្លងមក ឯកឧត្តមថា យុវជន ស.ស.យ.ក ក៏បានចូលរួមសង្កេតការណ៍ ក្រោមការបណ្តុះបណ្តាលពីអង្គភាពប្រឆាំងអំពើពុករលួយដើម្បីជួយសង្កេតការណ៍ពេលប្រឡងបាក់ឌុប ដើម្បីធានាថា បេក្ខជនមិនអាចយកសំណៅឯកសារផ្សេងៗដែលក្រសួងបានហាមឃាត់ ចូលក្នុងមណ្ឌលប្រឡងបានឡើយ។
ឯកឧត្តមបញ្ជាក់ទៀតថា ដំណាក់កាលចុងក្រោយ និងចំណុចមួយទៀតដែល ស.ស.យ.ក បានធ្វើនៅក្នុងថ្ងៃប្រឡងតែម្តង គឺសមាជិក សមាជិកា របស់ស.ស.យ.ក ទៅតាមរាជធានីខេត្តទាំងអស់ បានត្រៀមជាកម្លាំងស្ម័គ្រចិត្តក្នុងការសម្របសម្រួលផ្ញើនូវគ្រប់មធ្យោបាយធ្វើដំណើររបស់បេក្ខជនប្រឡង និងជាការចូលរួមធានាពីសុវត្ថិភាពមិនឱ្យបេក្ខជនព្រួយបារម្ភពីយានជំនិះខ្លួនទេ ពោល គឺបេក្ខជនគិតគូរតែពីមេរៀន និងការប្រឡងបានហើយ។ ចំពោះ បេក្ខជនដែលនៅតាមតំបន់មួយចំនួន ស.ស.យ.ក ក៏បានសហការជាមួយអាជ្ញាធរដែនដី រៀបចំកន្លែងស្នាក់នៅដល់បេក្ខជនប្រឡងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖ “នេះគឺជាចំណុចបន្តិចបន្តួចដែលបានចូលរួមរបស់ ស.ស.យ.ក តាំងពីឆ្នាំ២០១៤មកដល់ពេលបច្ចុប្បន្ន។ ហើយឆ្លៀតឱកាសនេះ ក៏សូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ឱកាសឱ្យ ស.ស.យ.ក បានចូលរួមចំណែក តិចក្តី ច្រើនក្តី យើងសង្ឃឹមថាជាការចូលរួមមួយ ដើម្បីធ្វើយ៉ាងណាសម្រួលដល់បេក្ខជនដែលគាត់ត្រៀមប្រឡង ហើយក្នុងថ្ងៃប្រឡង មានអារម្មណ៍មូលក្នុងការប្រឡងតែម្តង។”
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនចូលរួមប្រឡងជាង១៣ម៉ឺននាក់ ក្រោមគោលការណ៍ «អ្នកចេះ ជាប់»៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ