ព័ត៌មានជាតិ
៨ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសមកទស្សនាជាង ៤ លាននាក់
ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសមកទស្សនាជាង ៤ លាន ២ សែននាក់។ នេះបើតាមលោក តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃ ៧ ខែតុលា ឆ្នាំ ២០២៤។
បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ការវិលត្រឡប់របស់ទេសចរបរទេសសម្រេចបានប្រមាណជាង ៩៧% នៅក្នុងក្របខណ្ឌទូទាំងប្រទេស។

យ៉ាងណាមិញ មន្រ្តីក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍មានភាពខុសៗគ្នាតាមតំបន់គោលដៅទេសចរណ៍ដូចជា តំបន់អេកូទេសចរណ៍នៅភូមិភាគឦសាន តំបន់បេតិកភណ្ឌនៅខេត្តសៀមរាប និងតំបន់មាត់សមុទ្រ តែនិយាយជារួមក្នុងក្របខ័ណ្ឌទូទាំងប្រទេសការវិលត្រឡប់មកវិញនៃទេសចរបរទេសសម្រេចបានប្រហែល ៩៧%។
កម្ពុជាកំពុងស្តារវិស័យទេសចរណ៍ឡើងវិញ ហើយបើតាមការព្យាករណ៍ឆ្នាំ ២០២៤ កម្ពុជាអាចទទួលបានទេសចរបរទេសក្នុងរង្វង់ ៦ លាននាក់។ លោក តុប សុភ័ក្រ បានបន្តថា ចាប់ពីខែតុលានេះទៅ កម្ពុជានឹងទទួលបានកំណើនទេសចរអន្តរជាតិកាន់តែច្រើនថែមទៀត ខណៈជារដូវដែលទេសចរដើរកម្សាន្តច្រើន។


នៅឆ្នាំ ២០១៩ កម្ពុជាទទួលបានទេសចរបរទេសមកទស្សនាប្រមាណ ៦ លាន ៦ សែននាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត។ យ៉ាងណាមិញ វិបត្តិជំងឺកូវីដបានធ្វើឲ្យប៉ះពាល់រំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ឆ្នាំ ២០២០ ទេសចរបរទេសធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា បានថយចុះមកត្រឹមប្រមាណ ១ លាន ១ សែននាក់ និងនៅឆ្នាំ ២០២១ ធ្លាក់មកត្រឹម ១៩ ម៉ឺននាក់។ នៅឆ្នាំ ២០២២ ស្ថានភាពវិស័យទេសចរណ៍ប្រទេសកម្ពុជា ចាប់ផ្តើមងើបឡើងវិញបន្តិច ដោយកម្ពុជាទទួលបានទេសចរបរទេសមកទស្សនាប្រមាណ ២ លាន ២ សែន នាក់ ខណៈឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥ លាន ៤ សែននាក់ កើនឡើង ១៣៩.៥% បើធៀបនឹងឆ្នាំ២០២២។
មន្រ្តីក្រសួងទេសចរណ៍បានអះអាងថា នៅឆ្នាំ ២០២៥ ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នឹងវិលត្រឡប់ទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ-១៩។
«ឆ្នាំ ២០២៣ លំហូរនៃការធ្វើដំណើររបស់ទេសចរបរទេស ចាប់ផ្តើមមានការកើនឡើង។ ឆ្នាំ ២០២៣ កម្ពុជាបានស្តារឡើងវិញនៃវិស័យទេសចរណ៍បាន ៨៣% ហើយឆ្នាំ ២០២៥ កម្ពុជារំពឹងនឹងឈានសម្រេចគោលដៅទទួលបានកំណើនភ្ញៀវទេសចរបរទេសដូចមុនវិបត្តិជំងឺកូវីដ»។ លោក តុប សុភ័ក្របញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោកក៏លើកឡើងពាក់ព័ន្ធការដាក់ឲ្យដំណើរការប្រព័ន្ធសាលាកបត្រចូលប្រទេស E arrival ដែលរដ្ឋាភិបាលបានដាក់ឲ្យដំណើរការនៅតាមច្រកព្រលានយន្តហោះអន្តរជាតិ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងអ្នកដំណើរមិនឲ្យមានការរំខាន ដែលធ្វើឲ្យចេញចូលកាន់តែមានភាពងាយស្រួល ប្រសើរជាងមុនក៏បានជួយទាក់ទាញទេសចរមកកម្សាន្តប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
យ៉ាងណាមិញ លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរបានឲ្យកម្ពុជាថ្មីដឹងថា លោកមិនទាន់ហ៊ានរំពឹងទុកថា កំណើនទេសចរមកកម្សាន្តប្រទេសកម្ពុជា អាចនឹងមានស្ថានភាពល្អប្រសើរដូចមុនកូវីដ ដោយសារលោកមើលឃើញបញ្ហាមួយចំនួនបានសម្អុយឈ្មោះប្រទេសកម្ពុជា ឲ្យទេសចរបរទេសរារែកចិត្តក្នុងការធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា។
លោកលើកឡើងករណីការផ្សព្វផ្សាយពីករណីឆបោកតាមអនឡាញ បញ្ហាចាប់ជំរិតរួមទាំងបញ្ហាសន្តិសុខសុវត្ថិភាពដែលបានប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។
ជាមួយគ្នានេះ កង្វះខាតការតភ្ជាប់នៃការធ្វើដំណើររបស់ទេសចរ ដែលត្រូវចំណាយខ្ពស់បើធៀបប្រទេសជិតខាង ក៏បង្អាក់ទាក់ទាញទេសចរមកកម្សាន្តប្រទេសកម្ពុជាផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា