Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា​ ស្នើទូតអូស្រ្តាលីជួយជំរុញឱ្យមានការបង្កើតសាកលវិទ្យាល័យអូស្ត្រាលីនៅកម្ពុជា

បានផុស

នៅ

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងជំនួបជាមួយលោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មីប្រចាំកម្ពុជា បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ឃួន សុដារី បានលើកឡើងថា បេសកកម្មការទូតរបស់លោក Derek Yip នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ខួបទី៧២ឆ្នាំ ហើយដែលអាណត្តិនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោមការដឹកនាំដោយឥស្សរជនវ័យក្មេងជំនាន់ក្រោយ ប្រកបដោយសក្តានុពល ដែលធានាបានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខជាលំដាប់។

សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា លោកឯកអគ្គរាជទូត នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងបន្ថែមទៀត ព្រោះថាក្នុងបរិបទនៃការវិវឌ្ឍស្ថានការណ៍តំបន់និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ឡើងៗ ដោយសារតែការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយ រួមជាមួយនឹងការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងប្រព័ន្ធពហុភាគីនិយម ការទូតសភាដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមរកដំណោះស្រាយបញ្ហាសកលនេះ។

ជុំវិញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចប្រធានរដ្ឋសភា បានសំណូមពរឱ្យមានបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគបន្ថែមទៀតក្នុងការផ្លាស់ប្តូរ និងវិនិយោគលើផ្នែកអប់រំ រួមមានការផ្ដល់អាហារូបករណ៍បន្ថែមដល់និស្សិតខ្មែរ និងមន្ត្រីសាធារណៈ។ លើសពីនេះ សម្តេច បានលើកទឹកចិត្តដល់លោករាជទូត ជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា ដោយសារសិស្សនិស្សិត និងមាតាបិតានៅកម្ពុជាមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើប្រព័ន្ធអប់រំប្រកបដោយគុណភាពរបស់អូស្ត្រាលី។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសអូស្រា្តលីជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកម្ពុជាត្រូវការការគាំទ្រដោយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនាវានុវត្តន៍។

ការលើកឡើងរបស់សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ លោកឯកអគ្គរាជទូត បានសម្តែងនូវការរំភើបដែលត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពប្រទាក់ក្រឡាគ្នាទៅនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ក៏ដូចជាសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនអូស្រ្តាលី។

លោក ដឺរិក យីប បានសម្តែងក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងអូស្រ្តាលី​ និងកម្ពុជា ដោយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិគ្នាលើវិស័យជាច្រើន។ ក្នុងនោះ លោក បានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា និងបានថ្លែងការកោតសរសើរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ រួមទាំងការបញ្ជូនកងកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីនដល់អ៊ុយក្រែន និងប្រទេសនានា។

ក្នុងន័យនេះ លោកឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ ព្រមទាំងសមភាពយេនឌ័រ ការបោសសម្អាតមីន​ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការធ្វើកំណែទម្រង់​ និងអភិបាលកិច្ចល្អក្នុងវិស័យសាធារណៈ អន្តោប្រវេសន៍ និងការពង្រឹងវិស័យសន្តិសុខ​ និងការពារជាតិ ជាដើម។

ឆ្លើយតបទៅនឹងសំណើខាងលើ លោកឯកអគ្គរាជទូត បានឯកភាពការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា អូស្រ្តាលីនឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជាទាំងស្ថាប័ននីតិប្បញ្ញតិ្ត និងស្ថាប័ននីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណាឆ្លើយតប និងបំពេញបន្ថែមនូវតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលតែងតែជួយគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិរហូតមកទល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម