ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ រំពឹងខ្ពស់ទទួលបានលទ្ធផលល្អប្រសើរ
បន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃពោល ថ្ងៃទី ០៨-០៩ តុលា ឆ្នាំ ២០២៤ បេក្ខជនប្រឡងនៅមណ្ឌលរាជធានីភ្នំពេញ បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះលទ្ធផលរបស់ពួកគេ។ សិស្សានុសិស្ស ភាគច្រើនសុទ្ធតែអះអាងថា ពួកគេបានធ្វើកិច្ចការរួចរាល់សឹងតែគ្រប់មុខវិជ្ជាទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ការរំពឹងខ្ពស់នេះ បន្ទាប់ពីបេក្ខជនបានត្រៀមខ្លួនបានល្អ និងខិតខំរៀនសូត្រទាំងយប់ទាំងថ្ងៃ។
បេក្ខជន ហ៊ា លក្ខិណា បានថ្លែងថា រាល់កិច្ចការក្នុងពេលប្រឡងធ្វើបានជាង ៨០ ភាគរយ បន្ទាប់ពីខ្លួនបានត្រៀមខ្លួនរួចជាស្រេច។ ចំណែក បេក្ខជន រស់ ចិន្តា បាននិយាយថា សម្រាប់ឆ្នាំនេះខ្លួនបានខិតខំប្រឹងឱ្យអស់ពីសមត្ថភាពមិនឱ្យឪពុកម្តាយខកបំណងឡើយ និងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ បើតាមបេក្ខជនរូបនេះ៖«ខ្ញុំបានរៀនបំប៉នច្រើនដែរនាពេលកន្លងទៅ ហើយអរសូមគុណដល់លោកគ្រូអ្នកគ្រូដែលខំលះបង់កម្លាំងកាយចិត្តជួយបងៀនតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២»។
ចំពោះបេក្ខជន អ៊ាប រ៉ាន់ដែន វិញ ៖«ខ្ញុំសប្បាយចិត្តដោយសារធ្វើបានច្រើន ក្នុងនោះគណិតវិជ្ជាធ្វើបាន ៧០ភាគរយ ហើយសីលធម៌បានជាង ៨០ភាគរយ និយាយទៅរាល់កិច្ចការគ្រប់មុខវិជ្ជាសារធ្វើបានច្រើនទាំងអស់ ចឹងសង្ឃឹមថាបានលទ្ធផលល្អ»។
បើទោះបីជា ក្រសួងអប់រំ មិនទាន់ប្រកាសលទ្ធផលជាផ្លូវការក្តី ប៉ុន្តែក្រោយបញ្ចប់ការប្រឡង បេក្ខជនកំពុងរង់ចាំយ៉ាងអន្ទះសារនូវការប្រកាសលទ្ធផលជាផ្លូវការ។ ក្រសួងអប់រំ កំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
ជោគជ័យក្នុងការប្រឡង គឺជារឿងសំខាន់ណាស់ព្រោះវានឹងត្រួសត្រាយផ្លូវសម្រាប់ការសិក្សាបន្ថែមនៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា គិតត្រឹមម៉ោង៤ រសៀល ដំណើរការប្រឡងពុំមានបញ្ហាមិនប្រក្រតីណាមួយកើតមានឡើងទេ ខណៈក្រសួងកំពុងធ្វើការបូកសរុបព័ត៌មាន ហើយសង្ឃឹមថានឹងអាចផ្សព្វផ្សាយជូនជាសាធារណៈឱ្យបានលឿនតាមតែអាចធ្វើបាន។
មិនខុសពីឆ្នាំកន្លងទៅ បណ្តាអភិបាលខេត្តមួយចំនួន បានប្រកាសផ្តល់រង្វាន់ដូចជាម៉ូតូ កង់ និងសម្ភារសិក្សាមួយចំនួនជូនដល់សិស្សដែលទទួលបាននិទ្ទេស A ដើម្បីជាការលើកទឹកចិត្ត និងសម្រាប់ជាគំរូដល់សិស្សានុសិស្សជំនាន់ក្រោយទៀតឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង។
បើតាមក្រសួងអប់រំ ការបូកសរុបដំណើរការសំណេរ នាព្រឹកថ្ងៃទី ៩ ដែលជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានបានប្រព្រឹត្តទៅដោយរលូនល្អ ប៉ុន្តែបេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ ចំណែកបេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។
យ៉ាងណាមិញ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស។
អំឡុងពេលប្រឡង ក្រសួងអប់រំ ក៏បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?