Connect with us

ព័ត៌មានជាតិ

បាក់ឌុប២ថ្ងៃ បេក្ខជនអវត្តមានជាង២៤០០នាក់ មានបញ្ហាសុខភាពជាង១00នាក់  និង១០នាក់មិនអាចប្រឡងបាន

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាប្រឡងបាក់ឌុបរយៈពេល២ថ្ងៃនេះមានបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា១,៧៦ភាគរយនៃចំនួនបេក្ខជនសរុបចំនួន ១៣៧.០៤០នាក់ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប១.៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយនៃបេក្ខជនអវត្តមានសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបានមានចំនួន១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្សអប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាពនិងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦នាក់។

ក្រសួងអប់រំបានបន្តថាដំណើរការសំណេរទាំងពីរថ្ងៃបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេសប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡងព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយស្ទើរតែគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ក៏ដោយប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ ដោយឡែកមណ្ឌលប្រឡងមួយចំនួននៅ ខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈខ្លី នៅរសៀលថ្ងៃទី១ប៉ុន្តែបានបន្តដំណើរការវិញដោយប្រក្រតី។ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិចនិងបានផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២។ បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ឬយកទូរសព្ទចូលក្នុងបន្ទប់ប្រឡងមានចំនួន ៥ករណី។

បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង រួចហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់មាន ៣ករណី។ ដំណើរការសំណេរបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤។ ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។

ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh.។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា ដែលបានសហការយ៉ាងសកម្ម ដើម្បីធានាបានថា ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយកបាន។

គួរឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ ក្នុងនោះស្រី ៧៤ ៨៨២ នាក់។ចំពោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម