ព័ត៌មានជាតិ
៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម
រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទបាន ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវសរុប ១៦,០១៩លើក ក្នុងនោះព្រំដែនកម្ពុជា-ថៃ ៥,៧៩២លើក កម្ពុជា-វៀតណាម ៦,២០៩លើក កម្ពុជា-ឡាវ ៤,០១៨លើក ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ២,៩៦៦លើក ដោយកងយោធពលខេមរភូមិន្ទ បានម្ចាស់ការបង្ក្រាបចំនួន ១,៧៩៧លើក។ នេះបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បង្ហាញឱ្យដឹងលើទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី០៩ ខែតុលា។
ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
តាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ លទ្ធផលដែលក្រសួងការពារជាតិ សម្រេចបាននៅក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៤មានដូចជា៖ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតួនាទីភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។
កងយោធពលខេមរភូមិន្ទបានបន្តធ្វើការហ្វឹកហ្វឺនវត្តឆ្នាំចាស់និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ សរុប៣០៥វគ្គ ស្មើនឹង ២៤,៧៣៤នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសសរុប២,២៩២នាក់ ស្មើនឹង១៥ប្រទេស ក្នុងនោះបញ្ចប់ការសិក្សាត្រឡប់មកវិញចំនួន១៦៨នាក់។
កងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សហការជាមួយ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមនិងការសង្គ្រោះមនុស្សធម៌» ដោយបានដំណើរការប្រកបដោយជោគជ័យ ទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននិងពេលអនាគត។
សម្រាប់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិបានបន្តធ្វើការកែសម្រួល និងផ្ទេរ ក្របខ័ណ្ឌមួយចំនួនស្របតាមការវិវឌ្ឍថ្មីៗរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រងពង្រឹង និងពង្រីកសមត្ថភាពយោធិនគ្រប់លំដាប់ថ្នាក់ និងកសាងប្រភពនាយទាហានបន្តវេនដែលប្រកបដោយគុណភាព។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានចូលរួមបង្ការបង្ក្រាប និងបន្សាបការញុះញង់ របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។
ចាប់ពីឆ្នាំ២០០៦-ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិចំនួន ៩ ៨១៥នាក់ (នារី៨១៨នាក់) នៅ១០ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ឆាដ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យ៉េមែន និងកុងហ្គូ) លើជំនាញបោសសម្អាតមីន អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។ បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិចំនួន៦២៧នាក់ (នារី១៣១នាក់) នៅ៦ប្រទេស និង៦ បេសកកម្ម។
៩ខែមកនេះ គណៈប្រតិភូ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ បានចូលរួមប្រជុំ សិក្ខាសាលា និងបំពេញការងារផ្សេងៗ នៅក្រៅប្រទេសមាន៣៣/៣០ប្រទេស។
លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួម៖ ១-ជំនួបប្រាស្រ័យមិត្តភាពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសវៀតណាម ២-កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៣-កិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីលើកទី២១៖ កិច្ចសន្ទនាសាំងហ្គ្រីឡា នៅប្រទេសសិង្ហបុរី ៤-វេទិកាប៉េកាំងសៀងសានលើកទី១១ នៅសាធារណរដ្ឋប្រជាមានិតចិន។
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ អនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ក្រសួងការពារជាតិ នឹងបន្តចូលរួមអនុវត្តកម្មវិធីនយោបាយដែលបានដាក់ចេញ។ កងយោធពលខេមរភូមិន្ទនឹងបន្តកសាងពង្រឹងកិច្ចការពារជាតិ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន ព្រមទាំងបន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ