ព័ត៌មានជាតិ
វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែស្តារឡើងវិញបាន ៣០%
បើតាមមន្រ្តីក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនៅតែរងសម្ពាធនៃវិបត្តិសកល និងឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
«វិស័យទេសចរណ៍ក្នុងខេត្តទេសចរណ៍ដ៏ធំមួយនេះ ទើបតែស្តារឡើងវិញបានជាង ៣០%»។ នេះបើតាម លោក តុប សុភ័ក្រ មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤។

លោក តុប សុភ័ក្រ មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដជាសកល បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ស្ថានភាពវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែទទួលរងវិបត្តិមិនទាន់ងើបល្អប្រសើរឡើងវិញដូចមុនឆ្នាំ២០១៩ នៅឡើយទេ។
ខណៈដែលខេត្តសៀមរាបទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ នៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងៗទៀតរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ រដ្ឋាភិបាលបានដាក់ចេញ «ឆ្នាំទស្សនាសៀមរាប ២០២៤» អមដោយវិធានការពិសេសនានា ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះងើបឡើងវិញ។ ក្នុងនោះឆ្នាំ២០២៤ ត្រូវបានកំណត់ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។
លោក តុប សុភ័ក្រ បានអះអាងថា នៅពេលដែលស្ថានភាពទេសចរណ៍ខេត្តសៀមរាបមានភាពល្អប្រសើរ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
យ៉ាងណាមិញ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានឲ្យកម្ពុជាថ្មីដឹងថា លោកមិនទាន់ហ៊ានរំពឹងទុកថា កំណើនទេសចរមកកម្សាន្តប្រទេសកម្ពុជា អាចនឹងមានស្ថានភាពល្អប្រសើរដូចមុនកូវីដ ដោយសារលោកមើលឃើញបញ្ហាមួយចំនួនបានសម្អុយឈ្មោះប្រទេសកម្ពុជា ឲ្យទេសចរបរទេសរារែកចិត្តក្នុងការធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា។
លោកលើកឡើងករណីការផ្សព្វផ្សាយពីករណីឆបោកតាមអនឡាញ បញ្ហាចាប់ជំរិតរួមទាំងបញ្ហាអសន្តិសុខមួយចំនួន ដែលបានប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។
ជាមួយគ្នានេះ កង្វះខាតការតភ្ជាប់នៃការធ្វើដំណើររបស់ទេសចរ ដែលត្រូវចំណាយខ្ពស់បើធៀបប្រទេសជិតខាង ក៏បង្អាក់ទាក់ទាញទេសចរមកកម្សាន្តប្រទេសកម្ពុជាមួយចំណែកធំផងដែរ។
បើតាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល ០៧ ខែ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២,០២៤,០៧៤ នាក់ កើនឡើងប្រមាណ ៤១២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៤៣៩,៧០០ នាក់ កើនឡើងប្រមាណ ៤៤.៨៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៨៤,៣៧៤ នាក់ មានការកើនឡើង ៣៣%។
ទីផ្សារទេសចរប្រទេសសំខាន់ៗ ដែលមកទស្សនាខេត្តសៀមរាបច្រើនជាងគេក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ មានអាមេរិក អង់គ្លេស បារាំង កូរ៉េ ចិន ជប៉ុន អាល្លឺម៉ង់ អូស្រ្តាលី វៀតណាម និងឥណ្ឌា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង