ព័ត៌មានជាតិ
Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិឱ្យចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការទៅលើករណីធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់នៅក្នុងខេត្តប៉ៃលិន។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដែលបានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផែង វណ្ណៈ បានទម្លាយព័ត៌មាន និងលាតត្រដាងជាសាធារណៈថា មានករណីធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ ហើយសមត្ថកិច្ចខេត្តប៉ៃលិនធ្វើរបាយការណ៍កោសល្យមិនត្រឹមត្រូវ។

តាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី០៨ ខែតុលា លោក ផែង វណ្ណៈ បានចាប់ផ្តើមទម្លាយឱ្យដឹងថា មានករណីមេការកាស៉ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះជនជាតិចិនឈ្មោះ Zhou Chunhua ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ បើតាមលោក ផែង វណ្ណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិននោះ មានភាពប្រក្រតីបានកើតឡើងដោយមានមន្រ្តីអាវុធហត្ថម្នាក់ទូរស័ព្ទទៅជម្រិតទារប្រាក់ពីស្រ្តីខ្មែរដែលជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីជាថ្នូរនឹងការដោះលែង។ ក្រោយមក មេការកាស៉ីណូ ក៏បានឱ្យបក្សពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រឡប់ទៅកាស៉ីណូវិញ។ ប៉ុន្តែ ដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់បាត់ទៅ។ នេះបើតាមលោក ផែង វណ្ណៈ ។ លោក ផែង វណ្ណៈ បានអះអាងទៀតថា បន្ទាប់ពីជនរងគ្រោះស្លាប់ សមត្ថកិច្ចខេត្តប៉ៃលិន បានចុះត្រួតពិនិត្យសាកសព និងវាយតម្លៃថា ជនរងគ្រោះមិនមែនស្លាប់ដោយសារការធ្វើទារុណកម្មទេ ហើយក៏បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តប៉ៃលិន។

លោក ផែង វណ្ណៈ បានសរសេរលាតត្រដាងពីករណីនេះជាបន្តបន្ទាប់ ដោយចោទដល់ទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជុំវិញភាពប្រក្រតីនៃការធ្វើកោសល្យវិច័យលើជនជាតិចិនដែលស្លាប់នោះ។ លោកសរសេរថា៖« មានចម្ងល់មួយសួរថា នគរបាលខេត្តប៉ៃលិនយកជនដៃដល់មកដល់ស្នងការដ្ឋាននគរបាលខេត្តរួចហើយ ហេតុអ្វីបានដោះលែងជនល្មើសទៅវិញ? តើអ្នកណាជាអ្នកអនុញ្ញាតដោះលែង? ស្នងការខេត្ត ឬព្រះរាជអាជ្ញា? ករណីនេះ ខ្ញុំសង្ឃឹមថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបង្កើតក្រុមអធិការកិច្ចចុះស្រាវជ្រាវរកការពិត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះផង និងដើម្បីការពារស្ថាប័នផង។ មន្ត្រីខិលខូចមិនអាចបិទបាំងថ្នាក់លើបានទេ»។

ឆ្លើយតបនឹងការលើកឡើងរបស់លោក ផែង វណ្ណៈ នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺពាក់ព័ន្ធនឹងការធ្វើកោសល្យវិច័យលើជនជាតិចិនដែលស្លាប់។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានលើកឡើងថា តាមកោសល្យវិច័យរបស់គ្រូពេទ្យ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះប៉ះទង្គិចក្បាល និងរាងកាយធ្ងន់ធ្ងរដោយអំពើទារុណកម្ម និងប្រើហិង្សាបណ្តាលឱ្យស្លាប់។ ក្រោយពីបានត្រួតពិនិត្យសាកសពរួច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមេការជនជាតិចិន ១នាក់ និងតៃកុងឡានជនជាតិខ្មែរ១នាក់ មកសាកសួរបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមិនទាន់មានតម្រុយថា អ្នកទាំងពីរជាជនសង្ស័យ ទើបព្រះរាជអាជ្ញាបានអនុញ្ញាតឱ្យធ្វើកិច្ចសន្យាធានាត្រឡប់ទៅវិញ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត។

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថែមទាំងគូសបញ្ជាក់ទៀតថា៖«កម្លាំងនគរបាលជំនាញ បានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយពុំមានការធ្វេសប្រហែសឡើយ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកជនសង្ស័យ និងបុគ្គលដែលពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់»។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ ក្រសួងមហាផ្ទៃ មិនបាននៅស្ងៀមនោះឡើយ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជារួចហើយទៅអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យស្រាវជ្រាវលើករណីនេះ ហើយលោក ទូច សុខៈ បានប្រាប់ទៀតថា នៅពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែដំណើរការនីតិវិធីហើយ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង