ព័ត៌មានជាតិ
អភិបាលរាជធានី ដឹកនាំមន្ត្រី និងអាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកលិច នៅរាជធានីភ្នំពេញ ក្រោយត្រឡប់ពីបារាំងមិនទាន់បាន ១ ថ្ងៃ
ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។

កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងក្នុងមូលដ្ឋានខណ្ឌចំនួន ៤ មាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ តែម្ដង។
នាឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ តែងតែគិតគូរអំពីសុខទុក្ខរបស់ពួកគាត់។ ប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅប្រទេសបារាំង នៅឯភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យតំបន់មួយចំនួនទទួលរងការលិចលង់។

លោកបន្តថា បើទោះបីលោកនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្ត ក៏ដូចជាអារម្មណ៍ នៅជាមួយនឹងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច។ ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម លោកអភិបាលរាជធានី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពទឹកលិចក្នុងមូលដ្ឋានខណ្ឌទាំង ៤ តែម្ដង ដើម្បីធ្វើយ៉ាងណាដោះស្រាយទឹកលិចលំនៅឋានប្រជាពលរដ្ឋឲ្យបាន។ ក្នុងនោះមុនគេ លោក ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ហើយនាឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តការបូមទឹកចេញពីលំនៅឋានប្រជាពលរដ្ឋ។
បន្តមកទៀត លោកបានចុះមើលស្ថានីយបូមទឹកលូ ៥ ក៏ដូចជាប្រឡាយទឹកក្នុងមូលដ្ឋានខណ្ឌចំនួន ៤ ដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។

លោក ឃួង ស្រេង បញ្ជាក់ថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឲ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍមុនគេ ហើយពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឲ្យតំបន់នេះទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្ដង។ ទោះបីជាយ៉ាងណាក្តី សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយនោះទេ តែងតែដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋជានិច្ច។
លោកបញ្ជាក់បន្ថែមថា ជាដំណោះស្រាយ ដើម្បីឲ្យតំបន់ត្រពាំងថ្លឹងនេះបានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ នឹងកសាងស្ថានីយបូមទឹកចំនួន ២ ទៀត ដោយស្ថានីយបូមទឹកទី ១ គ្រោង ស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ និង ១ កន្លែងទៀត លើប្រឡាយម័រ និងការបុកស៊ីផាយ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនឹងការស្តារប្រឡាយផងដែរ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។ ប៉ុន្តែ ដោយសារស្ថានីយបូមទឹកបឹងទំពុនមិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ ពេលនេះស្ថានីយបូមទឹកបឹងទំពុនអាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបមានគម្រោងកសាងស្ថានីយបូមទឹក ២ ខាងលើនេះឡើង ដែលវានឹងអាចបូមទឹកចេញពីតំបន់នេះបានប្រសើរឡើង។
លោក ឃួង ស្រេង បន្ថែមថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យតែមានភ្លៀងធ្លាក់ធំៗ ម្ដងៗ គឺគ្រប់បណ្ដាស្ថានីយទាំងអស់នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះឲ្យបាននូវការលិចលំនៅឋានរបស់ប្រជាពលរដ្ឋ។ អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា លោក ឃួង ស្រេង ក្នុងបេសកកម្មនៅប្រទេសបារាំង មិនទាន់បញ្ចប់នៅឡើយទេ តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនទទួលរងការលិចដោយជំនន់ទឹកភ្លៀង លោកក៏ប្រញាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេសកកម្មរបស់លោកមិនទាន់ត្រូវបានបញ្ចប់នៅឡើយ ដើម្បីមកដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ ស្រីរ័ត្ន










-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ