ព័ត៌មានជាតិ
ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារសំខាន់ៗ៣ ផ្តល់ព័ត៌មានពីទីផ្សារ និងឱកាសការងារសម្រាប់យុវជន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងឱកាសការងារសម្រាប់យុវជន។

សិក្ខាសាលានេះ រៀបចំឡើងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមប្រមាណ ១០០នាក់ មកពី ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA), មជ្ឈមណ្ឌលការងាររាជធានី ខេត្ត, អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, តំណាងដៃគូអភិវឌ្ឍន៍, រួមនិងតំណាងវិស័យឯកជន។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោក ហេង សួរ បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។

ទី២ របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លី និងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣ របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់នូវមុខរបរ ឬជំនាញដែលមានតម្រូវការខ្ពស់ និងកំណត់និន្នាការប្រាក់ឈ្នួលតាមវិស័យក្នុងរយៈពេលខ្លី និងមធ្យម។
លោករដ្ឋមន្ត្រី ជឿជាក់ថាលទ្ធផលនៃការអង្កេតនេះនឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា សម្រាប់យកជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងសម្រាប់អ្នករៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការជំនាញ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការអង្កេតទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ