ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់ទៅតាមផែនការគ្រោងទុក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ តុលា នេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលកំណែចំនួន ១០ បានប្រព្រឹត្តិទៅតាមប្រក្រតី តាមផែនការគ្រោងទុក ហើយសង្ឃឹមថា នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកស្រីបានបន្តថា «ដំណើរ នៃការកែ ដំណើរការដោយប្រក្រតីតាមផែនការគ្រោងទុក ហើយក្រសួងរំពឹងទុកថា ដំណើរ នៃការកែនេះ នឹងអាចបញ្ចប់នៅក្នុងថ្ងៃទី ១៧ ខែតុលា ខាងមុខនេះ បន្ទាប់មកនឹងមានកិច្ចប្រជុំណែនាំក្នុងការដំណើរការបូកស្រង់ពិន្ទុដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនៅថ្ងៃទី ១៨ តុលា ខាងមុខនេះ»។
ក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ និងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ មុននឹងប្រកាសលទ្ធផលនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ពេលរសៀលនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស។

ដំណើរកំណែសន្លឹកកិច្ចការប្រឡងនេះ ក្រសួងអប់រំ បានកំណត់យកវិទ្យាល័យចំនួន ១០ នៅរាជធានីភ្នំពេញ ធ្វើជាមណ្ឌលកំណែ ដោយមួយមណ្ឌលកំណែកែមួយមុខវិជ្ជា។ ក្នុងនោះ ទី១.មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ, ទី២.មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា, ទី៣.មណ្ឌលកំណែ វិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស, ទី៤.មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា, ទី៥.មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា គីមីវិទ្យា។ ទី៦.មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ជីវវិទ្យា, ទី៧មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង សម្រាប់មុខវិជ្ជា ភូមិវិទ្យា, ទី៨.មណ្ឌលកំណែ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា, ទី៩.មណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរមុខ សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា, ទី១០.មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។

កិច្ចការបេក្ខជននីមួយៗ ត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត និងគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច។ ចំណែកឯកកិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេស ដោយគ្រូបង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែក។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ តុលា ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់(ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់) ចែកជា ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្នុងនោះមានបេក្ខជនអវត្តមានសរុប ២.៤០៦ នាក់ ស្រី ៩១៥ នាក់ ត្រូវជា ១,៧៦ ភាគរយ នៃចំនួនបេក្ខជនសរុបចំនួន ១៣៧.០៤០ នាក់ ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០ នាក់ ស្រី ៧៣៨ នាក់ ត្រូវជា ៨២,៧១ ភាគរយ នៃបេក្ខជនអវត្តមានសរុប។
ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបានមានចំនួន ១០ នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២ នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?