Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរំកិលការបើកបវេសនកាលឆ្នាំសិក្សាថ្មី ពីខែធ្នូ មកខែវិច្ឆិកា វិញ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​រំកិល​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ពី​ខែ​ធ្នូ មក​ខែ​វិច្ឆិកា វិញ ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​ដូច​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ការ​ឈប់​វិស្សមកាល​តូច​រយៈពេល ១៥ ថ្ងៃ និង​វិស្សមកាល​ធំ​រយៈពេល ៣ ខែ។ ប៉ុន្តែ​ដោយសារ​បញ្ហា​ផ្សេងៗ ​ពិសេស​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​ដំណើរការ​សិក្សា​របស់​សិស្សានុសិស្ស​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ​និង​ត្រូវ​អនុវត្ត​វ៉ា​កង​ធំ​ និង​វ៉ា​កង​តូច​ខុសពី​ធម្មតា​ដូចជា​ វ៉ា​កង​តូច​ឈប់ ​១ ​សប្ដាហ៍ និង​វ៉ា​កង​ធំ​ជាង​ ១ ​ខែ ​ជាដើម។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ តុលា នេះ​ថា កត្តា​ដែល​ឆ្នាំនេះ​វ៉ា​កង​ធំ​មាន​រយៈពេល​ត្រឹម ​១ ​ខែ ​គឺ​ ទី​១.​ដោយសារតែ​បញ្ហា​កូវីដ កន្លងមក​ដែល​រុញ​បវេសនកាល​រហូតដល់​ខែធ្នូ​ ឬ​ខែមករា។ ដូច្នេះហើយ​ដើម្បី​បំពេញ​ការសិក្សា​បន្ថែម​ដល់​សិស្ស​ និង​ជំរុញ​ឱ្យ​សិស្ស​ អាច​បើក​បវេសនកាល​នៅ​ឆ្នាំក្រោយ​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​វិច្ឆិកា​នេះ ​ទើប​តម្រូវឱ្យ​សិស្សានុសិស្ស​មាន​ពេល​វ៉ា​កង​តិចជាង​មុន ​និង​ទី​២.​ដើម្បី​លើកកម្ពស់​សមត្ថភាព ​និង​បង្រៀន​សិស្ស ដើម្បី​ជំរុញ​ឱ្យ​សិស្ស​ទទួល​បាន​គុណភាព​ នៃ​ការ​អប់រំ​ដែល​ប្រសើរ​ឡើង ​និង​មាន​ពេល​ច្រើនជាង​មុន​ក្នុង​ការ​សិក្សា។

លោកស្រី​បាន​បញ្ជាក់​ថា «យើង​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង ដើម្បី​ឱ្យ​អ្វីៗ ​អាច​វិល​មក​ភាព​ប្រក្រតី​វិញ​បាន ​ព្រោះ​ក្រសួង​មើល​ឃើញ​ថា ​ការ​ចូល​រៀន​យឺត នាំ​ឱ្យ​ចប់​យឺត ​ដូចជា​បញ្ហា​កូវីដ​ធ្វើឱ្យ​យើង​ត្រូវ​អនុវត្ត​ការ​ចូល​រៀន​ខុសពី​ពេលមុនៗ។ ដូច្នេះ យើង​កំពុង​ព្យាយាម​ឱ្យ​អ្វីៗ​ វិល​មកកាន់​ប្រក្រតី​ភាព​»។

លោកស្រី​បាន​បន្តទៀតថា​ សម្រាប់​ឆ្នាំនេះ​ ក្រសួង​អប់រំ​ នឹង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤-២០២៥​ នៅ​ថ្ងៃទី ​០១ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២៤ ​ខណៈ​ឆ្នាំមុន​ បើក​បវេសនកាល​ឆ្នាំ​នៅ​ថ្ងៃទី​ ០១ ​ខែធ្នូ​ ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម