ព័ត៌មានជាតិ
សម្ដេចធិបតី ប្រាប់ក្រសួងឱ្យគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវផ្លាកលេខ«ខេមរភូមិន្ទ»
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឱ្យក្រសួងការពារជាតិគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវផ្លាកលេខ «ខេមរភូមិន្ទ»។ សម្ដេចធិបតី បញ្ជាក់ថា មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ មានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»។
ការណែនាំរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយកត់សម្គាល់ឃើញថា ជារឿយៗមានបុគ្គលដែលជាអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ«ខេមរភូមិន្ទ» ប្រើប្រាស់ខុសគោលដៅ រហូតមានទាំងជនបរទេស ក៏បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខេមរភូមិន្ទ» នេះដែរ ហើយថែមទាំងបានបង្កឱ្យមានបាតុភាពមួយចំនួននៅក្នុងសង្គម ជាអាទិ៍ បង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ការបើកបរមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាដើម។
អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការពារជាតិត្រូវតែត្រួតពិនិត្យឱ្យច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ មុនអនុញ្ញាតឱ្យប្រើផ្លាកលេខ«ខេមរភូមិន្ទ» ទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់។ សម្ដេចធិបតី ថា ការប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» ទៀតសោត ត្រូវប្រើឱ្យចំទិសដៅ ពោលគឺមានតែនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលមានសិទ្ធិប្រើប្រាស់ផ្លាកលេខនេះ។
ផ្ទុយទៅវិញ ការអនុញ្ញាតឱ្យមានការប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» មិនបានត្រឹមត្រូវ ហើយខុសគោលដៅនោះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ហេតុនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កតធ្ងន់ឱ្យក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ទៅលើកិច្ចការគ្រប់គ្រងផ្លាកលេខនេះ។
គួររម្លឹកថា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ តាមរយៈសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានទទួលស្គាល់នូវភាពមិនប្រក្រតីជាអន្លើៗមួយចំនួនដែលកើតឡើងចំពោះបុគ្គលអ្នកប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»។ ជាការសង្កេតឃើញរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស គឺមានបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជា គ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលផ្ញើទៅកាន់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ បានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺអ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គលជាអ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារនេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ