ព័ត៌មានជាតិ
អ្នកតាមដាន៖ ការរៀបចំអង្គកឋិទានទៅវត្តខ្មែរក្រោម បង្ហាញពីការមិនរើសអើសគ្នា គឺទោះនៅទីណា ក៏នៅតែជាខ្មែរតែមួយ
លោក យឿន យឿត អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គម បានលើកឡើងថា ការរៀបចំអង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ»ដង្ហែទៅទៅកាន់វត្តខ្មែរក្រោម គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលនេះ។ តាមលោក យឿន យឿត អង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ» គឺបង្ហាញពីសាមគ្គីជាតិខ្មែរ បង្ហាញពីការមិនរើសអើងពូជសាសន៍ មិនរើសអើងនិន្នាការគ្នា ពោល គឺទៅដល់ទីណា ឬនៅទីណា ក៏នៅតែជាខ្មែរតែមួយ។

អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គម បានអះអាងថា ការរៀបចំអង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ» គឺបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខចំពោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។ ជាមួយគ្នានេះ លោក យឿន យឿត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំនូវអង្គឋិនទានទៅកាន់វត្តខ្មែរក្រោមនេះ បង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលអនុញ្ញាតឲ្យមានការរៀបចំពិធីបែបនេះ។ ក្នុងនាមជាពុទ្ធសាសនិកជនម្នាក់ លោកយឿន យឿត ពិតជាសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលដែលរៀបចំឱ្យមានអង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ»។
សូមជម្រាបជូនថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធី នឹងធ្វើឡើងនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត។ បន្ទាប់មក គឺនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងរៀបចំបង្ហែអង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ»ពីកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ(ព្រះត្រពាំង) ប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចង់រៀបចំអង្គកឋិនទាននេះយូរមកហើយ ប៉ុន្តែ មានបញ្ហាកើតឡើងជាបន្តបន្ទាប់ ទើបចេះតែពន្យាពេលមកដល់ពេលនេះ។ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ សម្តេចតេជោ បានសរសេររៀបរាប់ថា៖«ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើង គឺម្តាយក្មេកខ្ញុំមានជំងឺ និងមរណភាព នៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត»។
សម្តេចតេជោ បានសរសេរបន្តថា៖ «ឆ្នាំនេះ ភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់»។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ឱ្យដឹងថា ការដាក់ឈ្មោះអង្គកឋិនទាននេះថា អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ គឺបង្ហាញថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ សម្តេចតេជោ ក៏បានអញ្ជើញប្រជាពលរដ្ឋខ្មែរទាំងអស់ទៅលេងបុណ្យកឋិនទាននេះ ដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា«ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ