ព័ត៌មានជាតិ
ខេត្តបាត់ដំបងយកដើមចេក រចនាប្រទីបជំនួសជ័រលើកកម្ពស់បរិស្ថាន
លោក ឈឹម វិជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា ឆ្នាំនេះការរៀបចំប្រទីបនៅក្នុងខេត្តបាត់ដំបងខុសប្លែកពីឆ្នាំមុន គឺរៀបចំរចនាប្រទីបឡើង មិនប្រើជ័រ ដោយជំនួសមកវិញជាដើមចេក ស្លឹកចេក ស្លឹកត្នោត ដើម្បីលើកកម្ពស់បរិស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Screenshot_20241015_134303.jpg)
លោក ឈឹម វិជិរ៉ា បានឱ្យ «កម្ពុជាថ្មី» ដឹងថា ឆ្នាំនេះការរៀបចំប្រទីបនៅក្នុងខេត្តបាត់ដំបងខុសប្លែកពីឆ្នាំមុន ដោយសារតែរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរចំនួន ៧ ទៀត បានឯកភាពគ្នារៀបចំរចនាប្រទីបឡើង ដោយមិនប្រើជ័រ ឬជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសដើម្បីថែរក្សាអនាម័យបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ឱ្យបានល្អប្រសើរដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត និងជាក្រុងដែលស្អាតបៃតង។
លោកបន្តថា៖ «នេះជាលើកទីមួយហើយ ដែលជាបទពិសោធន៍របស់យើង ក្នុងការរៀបចំរចនាប្រទីបឡើងដោយប្រើប្រាស់របស់ជាធម្មជាតិពិតៗ ហើយឆ្នាំខាងមុខទៀត ក៏ត្រូវបានអនុវត្តវិធីនេះដដែល ហើយយើងក៏ខិតខំកែលម្អបន្ថែមទៀតឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែប្រសើថែមទៀតផងដែរ»។
ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ ក៏បានអំពាវនាវដល់សាធារណជនភ្ញៀវទេសចរជាតិអន្តរជាតិ និងប្រជាពលរដ្ឋអញ្ជើញមកចូលរួមកម្សាន្តឲ្យបានច្រើនកុះករនាថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Screenshot_20241015_132301.jpg)
លោកថា ក្រៅពីទស្សនាកម្សាន្តការប្រណាំងទូកបណ្តែតប្រទីបក៏មានដាក់តាំងលក់ម្ហូបអាហារ នំចំណី និងវត្ថុអនុស្សាវរីយ៍យ៉ាងសំម្បូរបែបចេញពីស្នាដែកូនខ្មែរអ្នកបាត់ដំបងពិតៗតែម្តង ជាមួយនិងអ្នកលក់មានភាពរួសរាយរាក់ទាក់ប្រកបដោយភាពទន់ភ្លន់ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាខ្មែរផង។
លោក ហម អរុណ អនុប្រធានមន្ទីរទេចរណ៍ខេត្ត បានឲ្យដឹងដែរថា សម្រាប់ខេត្តបាត់ដំបង មុនឈានដល់ពិធីបុណ្យធំ លោកបានចុះណែនាំដល់ម្ចាស់សណ្ឋាគារនានាក្នុងក្រុង រួមទាំងអាជីវករទាំងអស់ត្រូវធ្វើយ៉ាងណា យើងត្រូវរក្សារតម្លៃ និងមុខមាត់របស់ខេត្តបាត់ដំបង។
ក្នុងនោះមាន កុំមានការតម្លើងតម្លៃកន្លែងស្នាក់នៅរបស់ភ្ញៀវ និងម្អូបអាហារនំចំណី ឬរបស់របរផ្សេងៗ ដោយហួសហេតុដែលមិនអាចឲ្យភ្ញៀវក្នុង ឬក្រៅស្រុក ទទួលយកបានត្រូវធ្វើយ៉ាងណាឲ្យបានសមរម្យបំផុត ដែលធ្វើឲ្យភ្ញៀវទេសចរចង់មកម្តងហើយម្តងទៀត សម្រាប់ខេត្តបាត់ដំបង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_16-15-50.jpg)
ក្រៅពីទូកប្រណាំងទូក គេសង្កេតឃើញប្រទីបជាច្រើន បានអណ្តែតលើផ្ទៃទឹកមានពណ៌ចម្រុះយ៉ាងស្រស់ស្អាត ដើម្បីត្រៀមខ្លួនប្រកួតប្រជែងគ្នា នាល្ងាចថ្ងៃទី១៧ ខែតុលា ដែលជាពេលវេលាត្រូវបានបិទបញ្ចប់នៃពិធីបុណ្យជាតិដ៏វិសេសវិសាលនេះ។
ក្រៅពីសម្រស់លើផ្ទៃទឹក ក្នុងដងស្ទឹងសង្កែ គេក៏សង្កេតឃើញនៅតាមដងស្ទឹងសងខាង ក៏មានបង្កោលភ្លើងសូឡាយ៉ាងច្រើន ដែលត្រូវបានក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត និងក្រុងបាត់ដំបងបានតម្លើងរួមទាំងនៅតាមសួនច្បារអមសងខាងដងស្ទឹងសង្កែនៃក្រុងបាត់ដំបង។
ក្រុមការងាររដ្ឋបាលខេត្តបានឲ្យដឹងថា បង្គោល និងអំពូលភ្លើងសូឡាដែលត្រូវបានតម្លើងនេះ សរុបទាំងអស់ចំនួន ១២៨ដើម ក្នុងនោះបានតម្លើងនៅអមសងខាងស្ទឹងសង្កែ តាមសួនកម្សាន្ត និងលើស្ពានឆ្លងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺផ្លូវ និងលម្អរក្នុងក្រុងបាត់ដំបង។
មុនឈានដល់ថ្ងៃនៃពិធីបុណ្យនេះ លោក សុខ លូ អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក៏ដូចជាអ្នកក្រៅខេត្ត រួមនិងជនបរទេស អញ្ជើញធ្វើដំណើរមកចូលរួមកម្សាន្តទាំងអស់គ្នា លើទឹកដីខេត្តបាត់ដំបង ដែលជាខេត្តពោរពេញទៅដោយសក្តានុពលផ្នែកវិស័យកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែបនេះ។
ក្នុងនោះបានដើរកម្សាន្តតាមសួនច្បារនានាមើលការតុបតែងភ្លើងលម្អរចម្រុះលើស្ពានឆ្លងកាត់ស្ទឹងសង្កែ និងតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបងផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_16-15-51.jpg)
បើតាមក្រុមការងាររដ្ឋបាលសាលាក្រុង ទូកដែលចូលរួមប្រកួតចំនួន ៤២ទូក មានកីឡាករចូលរួមចំនួន ១៤៩០នាក់ ក្នុងនោះកីឡាករបម្រុង ចំនួន ៣៩៧នាក់។
ប្រភេទទូកដែលចូលរួមមាន ប្រភេទទូកមួង ឬទូកផ្កាចារ ទូកខ្នាតអន្តរជាតិបុរសនារី ទូកខ្លីប្រពៃណី រួមនិទូកងប្រពៃណីជាតិជាដើមផង៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ