ព័ត៌មានជាតិ
ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំង លោក នុត សវនា ដែលជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស។ នេះបើតាមប្រកាសតែងតាំងមន្ត្រីរាជការរបស់លោក ស សុខា ចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ក្នុងមាត្រា១ នៃប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចថា ៖«ត្រូវបានតែងតាំង លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារបន្ថែមលើមុខតំណែងបច្ចុប្បន្ន»។
ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ ផ្សព្វផ្សាយវីដេអូ ជនជាតិចិន និងជនជាតិខ្មែរ ដែលកំពុងជាប់ឃុំមួយក្រុម ធ្វើពិធីជប់លៀង រាំលេង ដែលអះអាងថានៅក្នុងមណ្ឌលអប់រំកែប្រែទី១ឬហៅថាពន្ធនាគារព្រៃស លើបណ្ដាញសង្គមហ្វេសប៊ុក។

ម្យ៉ាងទៀត ការតែងតាំងនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការថា បានឯកភាពឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ដើម្បីដោះស្រាយបញ្ហាអសកម្មនានាដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។
គួរឱ្យដឹងថា មណ្ឌលអប់រំកែប្រែទី១ មានទីតាំងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនថ្ងៃទី១០ ខែកញ្ញា ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស គឺជាលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ។ ប៉ុន្តែលោក យិន គន្ធ បានចូលនិវត្តន៍ពីតួនាទីជាប្រធានមណ្ឌលអប់រំ និងកែប្រែទី១ ត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយការចូលនិវត្តន៍របស់លោក យិន គន្ធ មួយថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ត្រូវបានតែងតាំងជាប្រធានស្តីទីមណ្ឌលអប់រំកែប្រែទី១៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង