Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ ជាតួនាទីរបស់មន្ត្រីអ្នកនាំពាក្យ

បានផុស

នៅ

«កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះជាការគូសបញ្ជាក់របស់ោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា សមិទ្ធផលដែលមានសព្វថ្ងៃមានទំហំធំធេងណាស់សម្រាប់ប្រទេសដ៏កំសត់នេះ។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់ទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​ ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតនូវព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម សំដៅរារាំងដល់ដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត។ ការលើកឡើងបន្ថែមរបស់លោក ប៉ែន បូណា។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយមដែលចាំរារាំងដំណើរការកសាងប្រទេសមានការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ មានអ្នកជួយបំពងសំឡេង​ ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំ មកលើរាជរដ្ឋាភិបាល និងមានអ្នកចាំជួយការពារនៅពេលមានវិធានការ ឬចំណាត់ការផ្លូវច្បាប់ជាយថាហេតុ។ ដូច្នេះ ទន្ទឹមនឹងការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ លោក ប៉ែន បូណា ក៏លើកទឹកចិត្តមន្ត្រីត្រូវប្រាប់ប្រជាពលរដ្ឋឱ្យបានដឹងអំពីរឿងនេះផងដែរ ជាពិសេសយុវជនដើម្បីកុំឱ្យពួកគេជឿការឃោសនាភូតកុហក និងកុំឱ្យធ្លាក់ខ្លួនជាឈ្នាន់នយោបាយដ៏គ្រោះថ្នាក់។

មានវត្តមាននៅក្នុងវេទិកានេះដែរ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋងាយទទួល និងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឲ្យយើងមានទំនាក់ទំនង និងយល់គ្នាទៅវិញទៅមករវាងរដ្ឋ និងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ លោក ក៏សង្កេតឃើញថា មានបញ្ហាជាច្រើនបានកើតមកជាមួយដែរ ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មាន អុចអាល និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម