Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិបាគូ ស្នើអាជ្ញាធរពន្លឿនការស្ថាបនាផ្លូវ ២ ខ្សែ កំពុងខូចខាតខ្លាំង

បានផុស

នៅ

ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើ​សុំ​អាជ្ញាធរ​សង្កាត់​ដង្កោ សូម​មេត្តា​ជួយ​ពន្លឿន និង​បង្ហើយ​ការងារ​ចាក់​បេតុង​ផ្លូវ​ចំនួន ០២ ខ្សែ ក្នុង​ភូមិ​បាគូ ដែល​កំពុង​ខូចខាត​យ៉ាង​ខ្លាំង​ដោយសារ​មាន​ការ​ស្ថាបនា​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​ជន់​លិច​នា​រដូវវស្សា​ឲ្យ​រួចរាល់​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ផ្លូវ​ចំនួន ០២ ខ្សែ ដែល​កំពុង​រង​ការ​ខូចខាត​ដោយ​ការ​កាយ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក និង បញ្ចៀស​ទឹក​នេះ ស្ថិត​ក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ចំនួន ២ ខ្សែ ក្នុង​ភូមិ​បា​គូ​នេះ អាជ្ញាធរ​បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ ២០២៤ ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​ថ្មី បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ផ្លូវ។ ក្នុង​នោះ​ដែរ អាជ្ញាធរ​បាន​ដាក់​ដេញថ្លៃ​រួចហើយ ដើម្បី​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ស្អាត ប៉ុន្តែ​ដោយសារតែ​ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​សុំ​ពន្យារពេល ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

ដោយឡែក​បើ​តាម លោក ហេង បញ្ញា ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​បាន​ឲ្យ​ដឹង​ថា បើ​មេឃ​មិន​ភ្លៀង​រយៈពេល ២ ទៅ ៣ ថ្ងៃ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អាច​ជិះ​ម៉ូតូ​ចេញ​ចូល​បាន​ជា​ធម្មតា ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់​តែមួយ​មេ​ពួកគាត់​មិន​អាច​ចេញ​ចូល​បាន​នោះ​ទេ ដោយសារ​តែ​បែក​ភក់​ជោកជាំ​ពេញ​ផ្លូវ​ចូល​ភូមិ​តែម្ដង ហើយ​រថយន្ត និង​ម៉ូតូ ក៏​មិន​អាច​ធ្វើ​ដំណើរ​បាន​នោះ​ដែរ។

ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ខាង​លើ ក៏បាន​លើក​ឡើង​ដូច​លោក ហេង បញ្ញា ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើដំណើរ និង​សំណូម​ដល់​អាជ្ញាធរ សូម​មេត្តា​ជួយ​ពន្លឿន​ក្នុង​ការ​ស្ថាបនា​ផ្លូវ ២ ខ្សែ​នេះ បន្ត​ឡើង​វិញ​ផង កុំ​ទុកចោល​ទាល់តែ​មេឃ​ឈប់​ភ្លៀង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម