ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ១៤% គិតត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤
គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០%។ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។



ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់ជាប្រភេទស្ពានបេតុងភ្លោះ ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ស្ពានបេតុងភ្លោះនេះ មានទទឹងសរុប ២៧ ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ ម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ AC ហើយមានគម្លាតពីគ្នាកន្លះម៉ែត្រ។ ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣ មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
គម្រោងក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២ កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤ កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ ១១០ ប្រវែង ១១០ ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាននិងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។



ការដ្ឋានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ២។ ដោយឡែក នៅត្រើយខាងកើតគឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?