ព័ត៌មានជាតិ
ក្រោយ ៣០ ឆ្នាំ អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឲ្យកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
ប្រទេសកម្ពុជាថ្មីៗនេះ ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងនៅក្នុងកម្មវិធី «ខួប ២០ ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” កាលពីថ្ងៃ ១៤ តុលានេះថា ចំណាត់ថ្នាក់ភាពក្រីក្ររបស់ប្រទេសកម្ពុជា បានថយពីលេខរៀងទី ៤៧ ក្នុងចំណោម ៤៨ ប្រទេសក្នុងឆ្នាំ ១៩៩៥ មកនៅចំណាត់ថ្នាក់លេខរៀងទី ៧ ក្នុងចំណោម ៤២ ប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ ២០២៣។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ១.៦ ភាគរយ ពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាង ៧ ភាគរយក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ នេះបើតាមលោកស្រី ចម និម្មល។
លោកស្រី ចម និម្មល បានបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ក្នុងរយៈពេលជាង ៣០ ឆ្នាំ ថ្មីៗនេះគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ឱ្យប្រទេសកម្ពុជា ចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៩ បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ធ្វើឲ្យកម្ពុជាប្រឈមផលប៉ះពាល់ ដូចជាការបាត់បង់ភាពអនុគ្រោះពន្ធគយ និងវិធានដើមកំណើតទំនិញកាន់តែរឹតត្បិតជាងមុន ដែលនឹងបង្កផលប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារសំខាន់ៗ ។
យ៉ាងណាមិញ បើតាមលោកស្រី ចម និម្មល កម្ពុជាចាំបាច់ត្រូវប្រែក្លាយបញ្ហាប្រឈមទាំងនេះ ជាកាលានុវត្តភាពក្នុងការពង្រឹងនិងជំរុញបន្ថែមនូវសមត្ថភាពប្រកួតប្រជែង ការចូលរួមក្នុងច្រវាក់ផ្គត់ផ្គង់តំបន់និងច្រវាក់តម្លៃសកល តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ការពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការតភ្ជាប់ខ្សែច្រវាក់តម្លៃនិងផ្គត់ផ្គង់សកល ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងបង្កើនការទាក់ទាញវិនិយោគក្នុងឧស្សាហកម្មថ្មីៗដែលជាមូលដ្ឋាននៃការគាំទ្រកំណើនប្រកបដោយចីរភាពនិងភាពធន់។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី ក្រសួងពាណិជ្ជកម្មបានកំពុងរៀបចំនិងអនុវត្តយុទ្ធសាស្ត្រមួយចំនួនដូចជា៖
១. អនុវត្តយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមានៃកិច្ចព្រមព្រៀងសេរី រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូកមួយ កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដូចជា កម្ពុជា-ចិន កម្ពុជា-កូរ៉េខាងត្បូង និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
២. បន្តការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូពាណិជ្ជកម្មដែលមានស ក្ដានុពល ដើម្បីបន្តពង្រីកទីផ្សារថ្មី និងពង្រឹងមូលដ្ឋាននាំចេញរបស់កម្ពុជាឱ្យកាន់តែមានភាពធន់ និងទូលាយជាងមុន ដោយត្រៀមសម្របសម្រួល និងរកដំណោះស្រាយលើបញ្ហាថ្មីៗ សម្រាប់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតខ្ពស់។
៣. ចូលរួមអនុវត្តឱ្យបានពេញលេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។
៤. ពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម តាមរយៈការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ការផ្ដល់សេវាពាណិជ្ជកម្មឱ្យកាន់តែរហ័ស និងមានភាពងាយស្រួលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព។
៥. ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធុរកិច្ចឌីជីថល តាមរយៈការរៀបចំថ្នាលទីផ្សារតាមអនឡាញនិងការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថល។
៦. ពង្រឹងពាណិជ្ជកម្មក្នុស្រុកតាមរយៈការលើកកម្ពស់ការអភិវឌ្ឍ និងកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។
៧. បន្តរៀបចំ និងពង្រឹងការអនុវត្តច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងពាណិជ្ជកម្ម
៨. សហការជាមួយដៃគូអភិវឌ្ឍន៍ អនុវត្តគម្រោងសិក្សាស្រាវជ្រាវលម្អិតពីផលប៉ះពាល់លើពាណិជ្ជកម្ម និងយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន ព្រមទាំងរៀបចំផែនទីបង្ហាញផ្លូវនិងផែនការសកម្មភាពដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបរិយាបន្ន និងភាពធន់។
កម្ពុជាបានដាក់ផែនការ ដើម្បីសម្រេចបាននូវបង្គោលចរ (Milestone) គឺការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់